រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ បើកការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ដណ្តើមពានរង្វាន់ អ្នកឧកញ៉ា ទ្រី ភាព នៅស្រុកវាលវែង

  • 227
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកវាលវែង នា​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានបើកដំណើរការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ​ ដណ្តើមពានរង្វាន់ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ក្រោមគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម ទី ​ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវាលវែង ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧ មករា។

ពិធីនេះត្រូវបានប្រារព្ធធ្វើនៅលើទីលានកីឡាបាល់ទាត់ វិទ្យាល័យប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានឱ្យដឹងថា ក្រុមកីឡាដែលបានដាក់ពាក្យសុំចូលរួមប្រកួតបាល់ទាត់មាន១១ក្រុម មានកីឡាករចំនួន២៧៥នាក់ ​គឺមកពីឃុំប្រម៉ោយ៦ក្រុម ឃុំអន្លង់រាប២ក្រុម ឃុំថ្មដា១ក្រុម ឃុំក្រពើពីរ១ក្រុម និងឃុំអូរសោម១ក្រុម។ កីឡាបាល់ទះ មាន៦ក្រុម និងមានកីឡាករ៩០នាក់ គឺក្រុមដំរី៥  វិទ្យាល័យហ៊ុនសែនប្រម៉ោយ យុវជនឃុំក្រពើពីរ អាណាចក្រទេសចរណ៍ ឃុំអន្លង់រាប ក្លឹបបាល់ទះដារា និងយុវជនឃុំថ្មដា និងគណៈកម្មការចំនួន២៥នាក់។

ឯកឧត្តម ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវាលវែង និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់​ និងបាល់ទះ ដណ្តើមពានរង្វាន់ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវ ដើម្បីចូលរួមអបអរសាទរ ទិវាជ័យជំនះ ៧ មករា ខួបលើកទី៤៤ នៅក្នុងស្រុកវាលវែងនាពេលនេះ  ធ្វើឡើងក្នុងគោលបំណង ជ្រើសរើសយុវជនវ័យក្មេង មានសមត្ថភាព ទេពកោសល្យ និងហ្វឹកហាត់បំប៉នបន្ថែម សម្រាប់ទៅចូលរួមប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ។ បច្ចុប្បន្ននេះ នៅក្នុងខេត្តក៏ដូចបណ្តាស្រុកក្រុង មានសន្តិភាពពេញលេញ សេដ្ឋកិច្ចជាតិមានការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់និងជាយាន ក្នុងការអភិវឌ្ឍន៍សង្គម ពីព្រោះ «​កីឡាកសាងមនុស្ស មនុស្សសាងសង្គម»។ ការអប់រំកាយ និងកីឡា គឺជាសមាសភាគមួយ នៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតី របស់មនុស្ស ឱ្យមានការលូតលាស់ ល្អ រក្សាកម្លាំងមាំមួន និងសុខភាពល្អ កាត់បន្ថយភាពអសកម្មផ្សេងៗ។ ដូចនេះហើយបានជានៅស្រុកវាលវែង ក៏ដូចបណ្តាស្រុកក្រុងទូទាំងខេត្ត តែងតែរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់វិស័យកីឡា នៅក្នុងតំបន់ឱ្យកាន់តែមានភាពលេចធ្លោ ព្រោះថាកីឡានាំមកនូវសុខភាព សន្តិភាព បើគ្មានសុខភាព និងសន្តិភាពទេនោះយើងមិនអាចលេងកីឡាបាននោះឡើយ។ 

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកវាលវែង ថ្នាក់ដឹកនាំទាំង២ បានដាក់ចេញយុទ្ធសាស្ត្រ និងទិសដៅ ក្នុងការអភិវឌ្ឍន៍វិស័យកីឡា គឺត្រូវជម្រុញសកម្មភាពកីឡា នៅតាមសាលារៀន សហគមន៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល «យុវជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទក្នុងមួយជីវិត»។

ជាមួយគ្នានោះឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជន គណៈកម្មការ អនុគណៈកម្មការ ប្រតិភូដឹកនាំក្រុម កីឡាករ មន្ត្រីបច្ចេកទេស និងក្មួយៗកីឡាករ កីឡាការនី បាល់ទាត់ និងបាល់ទះទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងការចិត្ត មិនគិតពីការនឿយហត់ មកចូលរួមក្នុងការប្រគូត សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងតំបន់នេះ កាន់តែមានភាពរីក​ចម្រើន​បានមួយកម្រិតទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង