(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ចំនួន២រូប បន្ថែមលើរចនាសម្ព័ន្ធចាស់។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាស្រុក ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។
យោងតាមប្រកាសលេខ ៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតែងតាំងមន្ត្រីរាជការ ចំនួន១៥រូប ឱ្យកាន់មុខតំណែងជាអភិបាលរងក្រុង ស្រុក នៃខេត្តពោធិ៍សាត់ ដែលក្នុងនោះមាន លោក សុខ តារារស្មី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ និងលោក ឡេះ សាហ្វីរីន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។
បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងមន្ត្រីរាជការនោះរួចមក លោក សុខ តារារស្មី ដែលទើបតែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ បានប្តេជ្ញាចិត្តដូចតទៅ៖ ទី១-ប្តេជ្ញាអនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ច ល្អជាស្នូល។ ទី៣-គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ គោលនយោបាយ និងច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានារបស់រាជរដ្ឋាភិបាល។ ទី៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ មិនបង្ករភាពអសកម្មផ្សេងៗ។ ទី៥-បង្កើនការរៀនសូត្រស្រាវជ្រាវ រាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។ និងទី៦-ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្ដាអាជ្ញាធរឃុំទាំងអស់ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមគោល តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់ លោក សុខ តារារស្មី និងលោក ឡេះ សាហ្វីរីន ដែលទើបទទួលតំណែងថ្មី ជាអភិបាលរងស្រុកក្រគរ ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហើយស្នើសុំឱ្យលោកទាំង២ ខិតខំធ្វើការងារ ដោយសហការណ៍ និងពង្រឹងសាមគ្គីភាពបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី។
ឯកឧត្ដមសូមលើកទឹកចិត្ត ដល់លោកអភិបាលស្រុកថ្មី បន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាឱ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ដើម្បីឱ្យស្រុកក្រគរ មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរថែមទៀត៕
Ti Amo (ពស)