រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ នាំយកស្បៀងសង្គ្រោះបន្ទាន់ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៩០៥គ្រួសារ ក្នុងស្រុកកណ្តៀង

  • 259
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសាលាបឋមសិក្សា ៧មករា កញ្ជរ បាននាំយក​អំណោយជាស្បៀងសង្គ្រោះបន្ទាប់ តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៩០៥គ្រួសារ មកពីឃុំអន្លង់វិល ឃុំស្យា និងឃុំកញ្ជរ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះ​មាន​មុខ​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលមានឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្ត និងមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ក្នុងកំឡុងពេលដែលបងប្អូនកំពុងតែ​ជួបការលំបាកនា​ពេលនេះ ថ្នាក់ដឹកនាំទាំងអស់ នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋ គ្រប់ពេលវេលាជានិច្ច។

កឧត្តមអភិបាលខេត្ត បានក្រើនរំឭកបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការ​ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀតត្រូវប្រកាន់ខ្ជាប់ នូវការ​អនុវត្ត​វិធាន​សុវត្ថិភាព និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យបាន​ល្អ។

ឯកឧត្តម ខូយ រីដា ក៏បានជំរុញឱ្យ ថ្នាក់ដឹកនាំមន្ទីរជំនាញ បន្តចុះពិនិត្យផលប៉ះពាល់ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលការរងខូចខាត ដោយសារជំនន់ទឹកភ្លៀង ដើម្បីត្រៀម​ជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ព្រមទាំងផ្តល់ពូជស្រូវសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើង មានលទ្ធភាពបង្កបង្កើនផលស្រូវស្តារឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានប្រកាសផ្តល់លេខទូរស័ព្ទ ចំនួន៣ប្រព័ន្ធ ជូនប្រជាពលរដ្ឋបានទទួលជ្រាប ងាយស្រួលក្នុងការដោះស្រាយ សម្របសម្រួល និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីតម្រូវការចាំបាច់ណាមួយ ដែលកើតមានក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា អំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ទាំង៩០៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ១កេស៕

Ti Amo (ពស)

អត្ថបទទាក់ទង