រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន០៣រូប និងតែងតាំងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាស្រុកវាលវែង ចំនួន១៤រូប

  • 222
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងនាមយើងទាំងអស់ជាមេដឹកនាំគេ មិនត្រូវដកតំណែងមន្ត្រីណាម្នាក់ចេញពីប្រអប់នោះទេ ប៉ុន្តែក៏មិនត្រូវទុកមន្ត្រីអសកម្ម ឬអសមត្ថភាពធ្វើការងារ ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះដែរ។

ឯកឧត្តមបានផ្តាំផ្ញើបែបនេះ នៅបរិវេណសាលាស្រុកវាលវែង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន០៣រូប និងតែងតាំងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាស្រុកវាលវែង ចំនួន១៤រូប ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ក្រុមយុវជន និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងប្រកាសលេខ ៧៣៩៤ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចតែងតាំង៖ ទី១-លោក សុខ ពិសិដ្ឋ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងស្រុកវាលវែង, ទី២-លោក ពេជ្រ និល ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាអភិបាលរងស្រុកវាលវែង និងទី៣-លោក មុំ បូផាន់ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម ជាភិបាលរងស្រុកវាលវែង។ និងយោងដីកាលេខ ០៣០/២២ ដក.តក/សវវ របស់រដ្ឋបាលស្រុកវាលវែង ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានតែងតាំង ប្រគល់ភារកិច្ច និងផ្លាស់ប្តូរកន្លែងបំពេញការងារជូនមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាស្រុកវាលវែង ចាប់ពីមុខតំណែង នាយករងរដ្ឋបាលសាលាស្រុកចុះក្រោម ចំនួន១៤រូប។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាស និងដីកាតែងមន្ត្រីរាជការនោះរួចមក លោក សុខ ពិសិដ្ឋ ដែលទើបទទួលបានមុខតំណែងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖ «ទី១-ប្តេជ្ញាអនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ទី២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល, ទី៣-គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល, ទី៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនបង្ករភាពអសកម្មផ្សេងៗ, ទី៥-បង្កើនការរៀនសូត្រ ស្រាវជ្រាវ រាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។ ទី៦-ខិតខំថែរក្សាការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញស្រុក កងកម្លាំង ប្រដាប់អាវុធ និងបណ្តាអាជ្ញាធរឃុំ ភូមិទាំងអស់ទូទាំងស្រុក ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមគោលការណ៍ របស់រាជរដ្ឋាភិបាល»។

ឯកឧត្តម ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានណែនាំដល់អភិបាលរងស្រុក និងមន្ត្រីរាជការដែលទើបនឹងទទួលមុខតំណែងថ្មី ត្រូវសហការល្អជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើផលប្រយោជន៍ដ៏ស្មោះត្រង់ជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំអភិវឌ្ឍន៍សមត្ថភាព ពង្រឹងការទទួលខុសត្រូវ កែលម្អចំណុចខ្វះខាតដែលកើតមានឡើង និងជំរុញការផ្ដល់សេវាសាធារណៈនានា ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមក៏បានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជម្រុញ និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មានកិច្ចសហការល្អជាមួយវិស័យឯកជន សប្បុរសជន អង្គការជាតិ អន្តរជាតិ ក្នុងការគៀងគររកមូលនិធីមកអភិវឌ្ឍន៍មូលដ្ឋាន​។ រាល់ការតែងតាំងមន្ត្រីណាម្នាក់ ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ កុំឱ្យមន្ត្រីក្រោមឱវាទ មានការថ្នាំងថ្នាក់ ដល់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខនៃរាជរដ្ឋាភិបាល។ ត្រូវខិតខំសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្នែកលើគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតបរិស្ថាន និងតុបតែងលម្អភ្លើងព័ណ៌ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ ហើយដែលរដ្ឋបាលខេត្តបានប្តេជ្ញារៀបចំ ឱ្យមានភាពអធិកអធម សម្រាប់ប្រជាពលរដ្ឋសប្បាយរីករាយផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង