(ពោធិ៍សាត់)៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារហត្ថា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រង្វាន់ ជូនដល់សិស្សនិទ្ទេស A B និង C នៃវិទ្យាល័យពោធិ៍សាត់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន៦៥នាក់។
ពិធីនេះត្រូវបានធ្វើឡើង នៅក្នុងបរិវេណនៃវិទ្យាល័យពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីគណៈគ្រប់គ្រង និងបុគ្គលិក ធនាគារហត្ថា ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងអ្នកសារព័ត៌មាន សរុបប្រមាណជិត៥០០នាក់។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារហត្ថា និងលោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ របស់ធនាគារហត្ថា ចំពោះវិស័យអប់រំ ក្នុងន័យកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅរកការបន្តអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឱ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ។ លោកបានបន្តថា តាមរយៈកម្មវិធីប្រគល់រង្វាន់ របស់ធនាគារហត្ថា ជូនដល់សិស្សវិទ្យាល័យពោធិ៍សាត់ ដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A B និង C នាថ្ងៃនេះ គឺជាសារដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្សជំនាន់ក្រោយ ព្យាយាមខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួន ដើម្បីក្លាយជាបញ្ញាវន្តដ៏មានតម្លៃ និងប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការបន្តវេនកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឱ្យថ្កុំថ្កើងជានិរន្តរ៍។
ថ្នាក់ដឹកនាំទាំង២បានបន្ថែមថា ទាំងអស់នេះ ក៏ដោយសារសាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាល តែងតែលើកទឹកចិត្ត ជម្រុញតាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាព នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងគួបផ្សំទៅនឹងឧស្សាហ៍ព្យាយាមរៀនសូត្ររបស់ក្មួយៗ ទើបទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាការពិតណាស់ថាក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេន ក្នុងប្រទេសដែលមានសុខសន្តិភាពពេញលេញ ហេតុនេះសូមក្មួយៗវចេះតស៊ូអំណត់ព្យាយាម សិក្សារៀនសូត្រឱ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ មានផលប្រយោជន៍ខ្លួនឯង ដល់សង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ ត្រូវប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងមិត្តភក្តិល្អ គោរពប្រតិបត្តិច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
សូមបញ្ជាក់ថា ធនាគារហត្ថា បានរៀបចំរង្វាន់លើកទឹកចិត្ត ជូនដល់ប្អូនៗសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ ក្នុងនោះរួមមានសិស្សនិទ្ទេស A ចំនួន៧នាក់ ម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង និងថវិកា១លានរៀល, សិស្សនិទ្ទេស B ចំនួន១៤នាក់ ម្នាក់ៗទទួលបាន ថវិកា១លានរៀល និងសិស្សនិទ្ទេស C ចំនួន៤៤នាក់ ម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ប្រមាណជាង១០០នាក់ ម្នាក់ៗទទួលបាន ថវិកា៥ម៉ឺនរៀល និងវត្ថុអនុស្សាវរីយ៍ ពីធនាគារហត្ថាមួយចំនួនទៀត។ លើសពីនេះ ក៏មានពិធីប្រគល់បង់អង្គុយ ចំនួន២៥បង់ ជូនដល់វិទ្យាល័យពោធិ៍សាត់, ការិយាល័យអប់រំ យុវជន និងកីទ្បាក្រុងពោធិ៍សាត់ និងសាលាបឋមសិក្សាពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ផងដែរ។
អំពីធនាគារ ហត្ថា៖ «ធនាគារហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត មកជាធនាគារពាណិជ្ជ ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជាជិត៣០ឆ្នាំ។ គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារហត្ថា មានការិយាល័យសាខា សរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៤៣កន្លែង មានអតិថិជន បើកគណនីសរុបជាង ៥០ម៉ឺនគណនី ជាមួយផលប័ត្រឥណទាន សរុបជាង១.៩ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុប ជាង១.២ពាន់លានដុល្លារអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹមរបស់ ធនាគារហត្ថា មានសរុបជាង១០ម៉ឺននាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile មានជាង១៤ម៉ឺននាក់។
ធនាគារហត្ថា បានផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែប ដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។ បច្ចុប្បន្នធនាគារហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិក របស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក»៕