(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតឧបករណ៍ត្រង់ស្វ័រ និងដំឡើង Switchboard នៃក្រុមហ៊ុនព្រីសាយស៍ អេឡិកទ្រីក មេនូហ្វេកឆឺរី (ខេមបូឌា) ឯ.ក ដែលស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលជាក់លាក់ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយទៅតាមបណ្តាខេត្តដ៏ទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេសកម្ពុជា។ ក្រោយពីជំនួបជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា កាលពេលកន្លងមក ក្រុមហ៊ុនពិតជាមានទំនុកចិត្ត និងមកវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វ័រ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនី នៅក្នុងទឹកដីស្រុកក្រគរ នៃខេត្តពោធិ៍សាត់ និងបានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលនេះ។ លោកប្រធានប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុនព្រីសាយស៍ មានមូលដ្ឋាននៅខេត្តផាធុមថានី ប្រទេសថៃ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងចុះបញ្ជីក្នុងទីផ្សារមូលប័ត្រ នៃប្រទេសថៃ ប្រកបអាជីវកម្ម សម្រាប់ការដោះស្រាយបញ្ហាគ្រប់ផ្នែក ដោយផ្តោតទៅលើការផលិតត្រង់ហ្វ័រ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនី ការអភិវឌ្ឍន៍បណ្តាញចែកចាយអគ្គិសនីវៃឆ្លាត និងគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព។ ដើម្បីឱ្យប្រព័ន្ធអគ្គិសនី អាចឆ្លើយតបទៅនឹងការងារដោយភាពឆ្លាតវៃ យើងបានប្រើប្រាស់ធានធានមនុស្សតិចតួច ប៉ុន្តែមានប្រសិទ្ធិភាពគង់វង្ស មានសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ព្រោះថាក្រុមហ៊ុនព្រីសាយស៍ បានបង្កើតគ្រឹះ នៃការលូតលាស់ឆ្ពោះទៅរកអនាគតដែលរុងរឿង មានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានសីលធម៌ សមធម៌ ព្រមទាំងខិតខំពុះពារក្លាយជាអ្នកដឹកនាំ នៅក្នុងផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាស្អាត ថាមពលឆ្លាតវៃ ជម្រុញឱ្យមានការរីកចម្រើន ប្រកបដោយវិបុលភាព សម្រាប់ប្រជាជន តាមរយៈការបង្កើតនូវលទ្ធភាពថ្មីៗ និងការប្រើប្រាស់ការឆ្នៃប្រឌិតថាមពលប្រកបដោយនិរន្តភាព សម្រាប់តំបន់នីមួយៗស្របតាមចេតនា នៃភាពរុងរឿងរួមគ្នា។ ជាមួយគ្នានោះខាងក្រុមហ៊ុន សូមសន្យាថានឹងបន្តការអភិវឌ្ឍន៍បន្ថែមទៀត ចំពោះគុណភាព ទាំងផលិត និងទាំងសេវាកម្ម ដើម្បីជាស្តង់ដារ និងការពេញចិត្តរបស់អថិតិជនព្រីសាយស៍គ្រប់ៗរូប។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានសម្បែងនូវការពេញចិត្ត និងស្វាគមន៍ចំពោះក្រុមហ៊ុនព្រីសាយស៍ ដែលបានបង្កើតឱ្យមានរោងចក្រផលិតត្រង់ហ្វ័រ និងគ្រឿងបរិក្ខារអគ្គិសនី នៅលើទឹកដីនៃខេត្តពោធិ៍សាត់ ដោយបានសន្យាថា នឹងផ្តល់ជូនការសម្របសម្រួល និងសូមឱ្យក្រុមហ៊ុនបង្កើតឱ្យមានទីផ្សារការងារ ជូនពលករនៅក្នុងស្រុកឱ្យបានច្រើន ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានថ្លែងថា ក្រុមហ៊ុនព្រីសាយស៍ ដែលបានបង្កើតនៅលើទឹកដីខេត្តពោធិ៍សាត់យើងនេះ គឺជាផ្នែលមួយដ៏សំខាន់ ក្នុងការផ្តល់ ឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋ ឱ្យទទួលបានប្រាក់ចំណូលក្នុងគ្រួសារ លើកកម្ពស់វិស័យសេដ្ឋកិច្ចប្រទេសជាតិ ឱ្យមានការរីកចម្រើន។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលជាច្រើននៅក្នុងខេត្ត ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមហ៊ុនជាច្រើនមកវិនិយោគ ជាមូលដ្ឋានមួយក្នុងការបង្កើនល្បឿនសេដ្ឋកិច្ច សង្គមកិច្ច។ ឯកឧត្តមបានថ្លែងទៀតថា តាមរយៈការលើកឡើងរបស់លោកនាយកក្រុមហ៊ុន ដែលមានវត្តមានជាង៣០ឆ្នាំ និងបានទទួលទំនុកចិត្តពីអតិថិជននៅប្រទេសថៃ ជាចំណុចបង្ហាញឱ្យឃើញពីគុណភាព ស្តង់ដា នៃផលិតផល បាននាំចេញទៅក្រៅប្រទេស ហើយខេត្តពោធិ៍សាត់ ជាខេត្តដំបូងដែលក្រុមហ៊ុនបានដំណើរការកសាងរោងចក្រផលិតឧបករណ៍អគ្គិសនី គឺជាមោទនៈភាពក្រៃលែង។
បន្ទាប់ពីគណៈអធិបតី អញ្ជើញកាត់ខ្សែបូសម្ពោធនោះរួចមក គណៈអធិបតីក៏បានទស្សនាស្វែងយល់ ខ្សែសង្វាក់ផលិតកម្ម និងបានឃើញតិចនូឡូជី នៃការផលិតឧបករណ៍អគ្គិសនី ដែលជាស្តង់ដាតែមួយ និងក្រុមហ៊ុនមេនៅប្រទេសថៃ។ ទាំងអស់នេះ គឺជាអនុស្សាវរីយ៍ដែលកើតចេញពីការពុះពារឧស្សាព្យាយាម ពីសំណាក់អ្នកគ្រប់គ្រង ក៏ដូចជាបុគ្គលិក កម្មករគ្រប់ៗរូបរបស់ក្រុមហ៊ុន ដោយចាត់ទុកជាជំហានដំបូង នៃការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងជាចំណុចចាប់ផ្តើម ដ៏សំខាន់នៃការឈានជើងចូលក្នុងទីផ្សារអាស៊ាន៕