រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ ប្រារព្ធខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»

  • 255
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណវេទិកាក្នុងសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូននារី ប្រមាណជិត៥០០នាក់ នាឱកាសអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលរៀបចំឡើង ដោយមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់។ 

ឯកឧត្តម ខូយ រីដា បានថ្លែងថា ស្ត្រីកំពុងតែបំរើការងារ នៅគ្រប់វិស័យ ដូចជាផ្នែកសុខាភិបាល អប់រំ សិក្សាធិការពីថ្នាក់មតេ្តយ្យ ដល់កំរិតឧត្តមសិក្សា បំរើការនៅក្នុងវិស័យច្បាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ច ជំនួញ ផ្នែកកសិកម្ម ឧស្សាហកម្ម និងនៅក្នុងជួរកម្លាំងប្រដាប់អាវុធ។ល។... គឺជាសក្ខីភាពបានបង្ហាញថា កម្ពុជាបានទទួលសន្តិភាពពេញលេញនៅទូទាំង ប្រទេស គឺដោយសារតែនយោបាយឈ្នះ-ឈ្នះ  របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលនៅរៀងរាល់ឆ្នាំ បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ប្រារព្ធធ្វើទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគស័យឌីជីថល»។ ស្ត្រី នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានប្តេជ្ញាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសន្តិភាព អភិវឌ្ឍន៍កសាងសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចំរើន ដូចប្រទេសជឿនលឿន ក្រោមបរិបថបច្ចេកវិទ្យាឧស្សាហកម្ម។ ប្រទេសជាតិ មានសន្តិភាព ទើបយើងមានឱកាសកសាង និងអភិវឌ្ឍបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋយើងលំបាកខ្លាំងណាស់ ទំរាំមានសន្តិភាពដូចសព្វថ្ងៃនេះ។ ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន ទោះតម្លៃណាក៏ដោយ ត្រូវប្រឆាំងតបទៅក្រុមអគតិមានចេតនានាំកម្ពុជារបស់យើង វិលទៅចូលភ្នក់ភ្លើងសង្គ្រាម ដូចសម័យអតីតកាល។ បើគ្មានសន្តិភាពនោះទេ ប្រទេសកម្ពុជាមួយនេះ ក៏មិនអាចមានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យបានឡើយ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ឆ្នាំ២០០២៣ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងកិច្ចការនារី បានផ្សព្វផ្សាយប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នាឱកាសទិវាអន្តរជាតិ ៨ មីនា ក្នុងគោលបំណងរំលេចនូវតម្លៃស្ត្រី ក្នុងការចូលរួមគ្រប់សកម្មភាព ដែលមិនអាចកាត់ថ្លៃ បានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនការអភិវឌ្ឍគ្រប់វិស័យ។ ជាការឆ្លើយតប និងមូលបទខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ និងបន្តជុំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិ នៅក្នុងយុគសម័យឌីជីថល និងការរកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនអំពីកិច្ចការងារ ដែលត្រូវរៀបចំសោភណ្ឌភាពអភិវឌ្ឍន៍នៅក្នុងខេត្ត ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តបានកាន់តែច្រើនឡើង ព្រោះថានាពេលខាងមុខច្រកព្រំដែនថ្មដា នឹងត្រូវដំឡើងជាច្រកទ្វាអន្តរជាតិ ហើយឃុំអូរសោម ក៏នឹងក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញនោះដែរ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់កម្មវិធី ក៏មានចែកវត្ថុអនុស្សាវរីយ៍ សំពត់ហូល ជាអំណោយរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ជូនដល់អ្នកចូលរួមនាពេលនោះផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង