រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អគារស្តង់ដា «មរតកតេជោសែនឌីជីថល» នៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ សម្រេចការសាងសង់បានប្រមាណ៧០%ហើយ

  • 170
  • ដោយ Admin

(ពោធិ៍សាត់)៖ ដំណើរការនៃការសាងសង់អគារស្តង់ដា «មរតកតេជោសែនឌីជីថល» ដែលមាន​កម្ពស់​៥ជាន់ ក្នុងវិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្រេចបានប្រមាណ៧០ភាគរយហើយ ដោយគម្រោងនេះគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ ឱ្យបានរួចរាល់ នៅចុងឆ្នាំ២០២៤ខាងមុខនេះ។ 

បើតាមលោក ង៉ែត តាត នាយកវិទ្យាស្ថានបច្ចេកទេស ខេត្តពោធិ៍សាត់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «អគារមរតកតេជោសែនឌីជីថល» មានទំហំ៤៨ម៉ែត្រx៤៨ម៉ែត្រ កម្ពស់២៤,៥​ម៉ែត្រ ស្មើនឹង​​៥ជាន់ បែងចែកជា៧៨បន្ទប់ ក្នុ​ង​នោះ​បន្ទប់​សិក្សា​២០បន្ទប់, បន្ទប់ពិសោធន៍ធំ១១បន្ទប់, បន្ទប់ពិសោធន៍តូច១០បន្ទប់, បន្ទប់​កុំព្យូទ័រ៣បន្ទប់, សាលសិក្សា២បន្ទប់ បន្ទប់សាស្ត្រាចារ្យ៧បន្ទប់, បន្ទប់MOP៤បន្ទប់,  បន្ទប់​MEP៤បន្ទប់ និងឃ្លាំង៤បន្ទប់បន្ថែមទៀត។

លោកនាយកវិទ្យាស្ថានបន្តថា អគារនេះនឹងបំពាក់នូវសម្ភារៈសិក្សា ម៉ាស៊ីន ឬឧបករណ៍ពិសោធន៍ដ៏ទំនើប និងទាន់សម័យ ដែលនឹង​ជួយ​បង្កើន​សមត្ថភាពសិស្ស និស្សិត ក្នុងការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ក្នុងមួយឆ្នាំ បាន​ប្រមាណ១,៥០០នាក់ ខណៈដែរបច្ចុប្បន្ន​វិទ្យាស្ថាន ​មាន​លទ្ធភាព​បណ្តុះ​បណ្តាល​សិស្ស ​បានត្រឹមតែ៥០០នាក់ ក្នុង១ឆ្នាំប៉ុណ្ណោះ។

លោក ង៉ែត តាត បានគូសបញ្ជាក់ថា «អគារមរតកតេជោឌីជីថល»នេះ ជាការដូររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជាពិសេសគឺយុវជន យុវនារី ដែលមានបំណងចង់ចូលរៀនវគ្គជំនាញបច្ចេកទេសផ្សេងៗ ចាប់ពីវិញ្ញាបនបត្រ(វគ្គខ្លី) រហូត​ដល់​កម្រិត​បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/វិស្វករ ក្នុងនោះក៏ជំនាញផ្នែកអគ្គិសនី និងផ្នែករថយន្តផងដែរ។

លោកនាយកវិទ្យាស្ថានបច្ចេកទេស ខេត្តពោធិ៍សាត់ បានបន្ថែមថា «អគារមរតកតេជោសែនឌីជីថល» ក៏នឹងចូលរួម​ចំណែក ជួយឱ្យខេត្តពោធិ៍សាត់ អាចសម្រេចបានតាមផែនការ បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និង​បច្ចេកទេស ទៅដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់ តាម​កម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមថា វិទ្យា​ស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ គឺមានផែនការបណ្តុះបណ្តាល សិស្ស និស្សិត ក៏ដូចជាយុវជន យុវនារី ចំនួន១២,៣៣០នាក់ ក្នុង​រយៈពេល​៥ឆ្នាំខាងមុខ។ ផែនការនេះ គឺស្រប​ពេល​ដែល​ក្រុម​ហ៊ុនមីនីបៀ - Minebea របស់ជប៉ុន គ្រោងនឹងពង្រីកការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់​ ក្នុងពេលឆាប់ៗខាងមុខ៕

Ti Amo (ពស)

អត្ថបទទាក់ទង