រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ជាលើកទី២

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋប្រមាណជាង៣ពាន់នាក់ នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជួយមួយសាកលវិទ្យាល័យពេទ្យ Soon Chun Hyang នៃសាធារណៈរដ្ឋកូរ៉េ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។


ពិធីនេះត្រូវបានប្រារព្ធឡើង ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម កែវ រតនៈ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពពេលលេញ នៅទូទាំងប្រទេស។ ជំនួសមុខឲ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ឯកឧត្តមសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ដែលសកម្មភាពមនុស្សធម៌នេះ បានជួយសម្រាលដល់ការចំណាយ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា សម្តេចតេជោ បានខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ និយាយជារួម និងនិយាយដោយឡែកខេត្តពោធិ៍សាត់ ឲ្យមានការរីចម្រើនដូចសព្វថ្ងៃនេះ។


សូមបញ្ជាក់ថា បើតាមរបាយការណ៍ព្យាបាល បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់នេះ មានដូចជា ពិនិត្យ និងព្យាបាលជំងឺទូទៅ វះកាត់តូច ព្យាបាលជំងឺមាត់ធ្មេញ ព្យាបាលច្រមុះ បំពង់ក ពិនិត្យអេកូបេះដូង រោគស្ត្រី ពិនិត្យអេកូស្ត្រីមានផ្ទៃពោះ និងព្យាបាលឬសដូងបាត ព្រមទាំងបានបញ្ជូនករណីធ្ងន់ធ្ងរ ទៅព្យាបាលបន្ត។


គួររំលឹកផងដែរថា នេះជាលើកទី២ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះធ្វើសកម្មភាពមនុស្សធម៌ ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង