(ពោធី៍សាត់)៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តបើកសាវនាការ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមសមាជិកគ្រួសារតែមួយ នៅសាលាខេត្តពោធិ៍សាត់។
ការដោះស្រាយនេះ ត្រូវបានទទួលការសាទរ ពីប្រជាពលរដ្ឋនៅទីនោះ ដោយម្នាក់ៗមានទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ទទួលបានឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមរក្សាទុកអភិបាលខេត្តដ៏ល្អរូបនេះ នៅជាម្លប់ក្នុងខេត្តជារៀងរហូត។
សូមបញ្ជាក់ថា នៅរៀងរាល់ថ្ងៃចន្ទ ឬថ្ងៃសុក្រ ក៏ប៉ុន្តែលើកលែងដោយសារថ្ងៃចន្ទសប្តាហ៍នេះ ឯកឧត្តមអភិបាលខេត្តលោកមានធុរៈបំពេញភារកិច្ចនៅក្រៅខេត្ត, ឯកឧត្តមតែងតែបញ្ជ្រាបខ្លួន ចូលទៅក្នុងសមាជិកគ្រួសារតែមួយ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនាមជាបង ជាប្អូន ជាកូន ជាក្មួយ ដោយយកតួនាទីអភិបាលខេត្តនៅដោយឡែក ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ។ ម្លោះហើយរាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន ឯកឧត្តមពិតជាបានដឹងច្បាស់ និងទាន់ហេតុការណ៍ តាមរយៈការផ្តល់លេខទូរស័ព្ទទាំង២ប្រព័ន្ធឲ្យប្រជាពលរដ្ឋខលចូល ដើម្បីដោះស្រាយ និងបម្រើពួកគាត់ ឲ្យបានទាន់ពេលវេលា៕
Ti Amo (ពស)