រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ បន្តរៀបចំការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ បន្ថែមទៀត ក្រោយការរៀបចំលើកទី១ មានភ្ញៀវទេសចរ រហូតទៅដល់ជាង៥ម៉ឺននាក់ (Video inside)

  • 1.5ពាន់
  • ដោយ Admin

https://youtu.be/T9RBuLbjRPU

(ពោធិ៍សាត់)៖ ពិធីបុណ្យអុំទូក «ង» ខ្នាតអន្តរជាតិ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ រៀបចំជាលើកទី១ នៅក្នុងឆ្នាំ២០១៨ ដោយមានទូកចូលរួមប្រគួតចំនួន១៣គូ និងមានភ្ញៀវទេសចរជាតិ អន្តរជាតិ រហូតទៅដល់ជាង៥ម៉ឺននាក់ ហើយក៏ជាឆ្នាំប្រវត្តិសាស្ត្រផងដែរសម្រាប់ខេត្តពោធិ៍សាត់ ដែលបានប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមគំនិតផ្តួចផ្តើមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

សម្រាប់ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តពោធិ៍សាត់ នៅតែបន្តរៀបចំការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ បន្ថែមទៀត ដែលពិធីនេះនឹងត្រូវប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ នៅវេទិកាអុំទូក តាមបណ្តោយស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក។ រដ្ឋបាលខេត្តក៏បានស្នើដល់ គ្រប់មន្ទីរអង្គភាព វត្តអារាម និងវិស័យឯកជន ដែលមានបំណងចូលរួមប្រគួត ត្រូវត្រៀមរៀបចំទូក «ង» ខ្នាតអន្តរជាតិ ចំណុះមិនលើសពី២២នាក់ ដើម្បីបង្កើនភាពសប្បាយនៅក្នុងខេត្តរបស់យើង ឲ្យអធឹកអធម។ ក្នុងនោះដែរ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា គ្រប់មន្ទីរអង្គភាព វត្តអារាម វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិត បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ឲ្យបានច្រើនកុះករ។

នេះដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមានឱកាស បានប្រារព្ធពិធីបុណ្យផ្សេងៗ ជាក់ស្តែងដូចជាពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដែលពុំធ្លាប់មានទាល់តែសោះ ក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងបានដើរលេងកម្សាន្ត ដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ លើកដំបូុង កាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ សម្រាប់លទ្ធផល៖

*ចំណាត់ថ្នាក់លេខ១ បានទៅលើទូក «តេជៈបារមីរស្មីសាមគ្គីមុន្នីឧត្តម» ជាទូករបស់មន្ទីរផែនការ មន្ទីរមុខងារ និងមន្ទីរប្រៃសណីយ៍, ទូក «បារមីកែវវិជ័យសិរីពោធិ៍សាត់» ជាទូករបស់មន្ទីរពាណិជ្ជកម្ម មន្ទីរកិច្ចការនារី និងមន្ទីរទេសចរណ៍, ទូក «សភាពាណិជ្ជកម្មមានជ័យ» បារមីព្រះអង្គចៅសែន ជាទូករបស់សភាពាណិជ្ជកម្ម, ទូក «តេជោសែនជ័យបារមីលលកសចាស់» ជាទូករបស់មន្ទីរកសិកម្ម និងទូក «សុខុមាលសែនជ័យសិរីឧត្តម» ជាទូករបស់មន្ទីរសុខាភិបាល។

*ចំណាត់ថ្នាក់លេខ២ បានទៅលើទូក «ទ្រីភាពសែនជ័យបារមីតាគ្រី» ជាទូករបស់សាលាស្រុកវាលវែង, ទូក «ឧស្សាហកម្មថាមពលវ៉ារី សាមគ្គីសុខសែនជ័យបារមីឃ្លាំងមឿង» ជាទូករបស់មន្ទីររ៉ែ និងថាមពល និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម, ទូក «ចៅសែនជ័យបារមីឃ្លាំងមឿង» ជាទូកសាលាខេត្ត, ទូក «ម៉ែត្រមាសតេជោសែនជ័យ» ជាទូករបស់មន្ទីរដែនដី, ទូក «នទីមង្គលសែនមានជ័យ» ជាទូករបស់សាខាធនាគារ និងអង្គរតនាគារ, ទូក «ពោធិ៍សាត់សែនជ័យបារមីឧកញ៉ាឃ្លាំងមឿង» ជាទូករបស់អាវុធហត្ថ និងសឹករង, ទូក «កងចក្រទេពសែនជ័យ» ជាទូករបស់សាខាគយ និងសាខាពន្ធដារ និងទូក «បារមីឃ្លាំងមឿងខេមរាតេជោសែនមានជ័យ» ជាទូករបស់មន្ទីរធម្មការ មន្ទីរវប្បធម៌ និងមន្ទីរព័ត៌មាន។

*ចំណាត់ថ្នាក់លេខ៣ បានទៅលើទូក «សែនជ័យចេស្តាបារមីយាយចន្នី» ជាទូករបស់សាលាក្រុងពោធិ៍សាត់, ទូក «វិស្ណុសែនជ័យបារមីឃ្លាំងមឿង» ជាទូករបស់មន្ទីរសាធារណៈការ, ទូក «ក្រគរសែនជ័យបារមីសុវណ្ណស្លាកែត» ជាទូកសាលាស្រុកក្រគរ, ទូក «រាជសីហ៍មានឫទ្ធិ» ជាទូករបស់ស្នងការនគរបាល, ទូក «តេជោសែនជ័យបារមីអ្នកអប់រំ» ជាទូករបស់មន្ទីរអប់រំ, ទូក «កញ្ជរមានល័ក្ខសែមមានជ័យ» ជាទូករបស់សាលាស្រុកកណ្តៀង, ទូក «នទីសេដ្ឋាមហាសាមគ្គីសែមមានជ័យ» ជាទូករបស់មន្ទីរសេដ្ឋកិច្ច និងទូក «តេជៈបារមីមានជំទាវខាន់ខៀវ» ជាទូករបស់សាលាស្រុកភ្នំក្រវាញ៕

Ti Amo (ពស)

អត្ថបទទាក់ទង