(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយបានការសម្របសម្រួលពី លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងពិសេស ចុះឆ្មក់បង្ក្រាបល្បែងស៊ីសងដុះស្លែ (បៀរ អាប៉ោង)មួយកន្លែង ឃាត់ខ្លួនជនញៀនល្បែង១១នាក់ ក្នុងនោះស្រី៤នាក់។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង ៩ និង១៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅចំណុចហាងកាហ្វេភ្នាល់បាល់ យីហោរោងគោ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ យ៉ាងណាក៏ដោយ សម្រាប់មនុស្សទាំង១១នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ តែបើនៅបន្តទៀតនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះទេ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានជាក់លាក់អំពីការប្រព្រឹត្តល្បែងស៊ីសងខាងលើ កម្លាំងពិសេស ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចុះដល់ហាងកាហ្វេភ្នាល់បាល់ យីហោរោងគោ ដែលមានម្ចាស់ឈ្មោះ ពិន ពាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ក្នុងប្រតិបត្តិការនោះ កម្លាំងពិសេសបានចាប់ឃាត់ខ្លួន មេអាប៉ោង និងជនញៀនល្បែង ១១នាក់ ក្នុងនោះស្រី៤នាក់ រួមមាន៖
១-អ៊ុក ដាវឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក
២-អ៊ុក ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរព្រាល ឃុំមេទឹក
៣-ថោ ម៉ុង ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក
៤-ជា លី ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិបាក់មែក ឃុំមេទឹក
៥-ភៀន សុង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក
៦-មៀន រស់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ
៧-ពៅ ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ
៨-នូ សាខុម ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំស្វាយអាត់
៩-គួន អាន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក
១០-ថៃ ទុំ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក
និង១១-កែវ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិក្តីឈ្នួល ឃុំត្រពាំងជង (មេអាប៉ោង)។
វត្ថុតាងដែលដកហូតបានរួមមាន មេអាប៉ោង០១ ចានមួយកំប្លេ បៀរ៥២សន្លឹក ម៉ូតូ៦គ្រឿង និងបានប្រគល់ជនញៀនល្បែងទាំង១១នាក់ ជូនកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ចែងតាមនីតិវិធី។
សូមបញ្ជាក់ថាទីតាំងហាងកាហ្វេភ្នាល់បាល់ យីហោរោងគោ ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចាប់ជាច្រើនលើកច្រើនសាររួចមកហើយ តែម្ចាស់អាជីវកម្ម នៅតែបើកដៃឲ្យក្រុមញៀនល្បែង រួមទាំងមេអាប៉ោង បន្តការអ៊ុតភ្នាល់តទៅទៀត។ កាលពីប៉ុន្មានថ្ងៃកន្លងមក មានជនរងគ្រោះម្នាក់ ក្នុងចំណោមអ្នកញៀនល្បែង បានសម្រេចចិត្តលេបថ្នាំបញ្ចប់ជីវិតតែមិនបានសម្រេចដូចបំណង ដោយសារតែវ័ន្តកចាញ់ល្បែង រហូតដល់ម៉ឺនដុល្លារ។ ដំណឹងនេះបានទៅដល់ ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តមចុះផ្ទាល់ដើម្បីបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងនេះ និងបានដាក់បទបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោសតាមច្បាប់។ ជាពិសេសលោកបានផ្តល់សារថ្មីៗមួយ ដែលលើកឡើងថា៖ «កុំឲ្យមានល្បែងស៊ីសង កុំឲ្យមានពេស្យាចារ និងកុំឲ្យមានគ្រឿងញៀន»៕