១. សាវតា
“ពោធិ៍សាត់” គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ឋិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង។ បច្ចុប្បន្ននៅមានពលរដ្ឋមួយចំនួនលំបាកក្នុងការកំណត់យកនិយមន័យនៃអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់ និងការសរសេរឈ្មោះខេត្តមួយនេះឲ្យបានត្រឹមត្រូវ។
តើខេត្តពោធិ៍សាត់ មានប្រវត្តិបែបណា?
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានលើកយកឯកសារសម្អាងចំនួនពីរក្នុងការឲ្យនិយមន័យ និងសរសេរឈ្មោះខេត្តពោធិ៍សាត់ គឺទីមួយវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត និងទីពីរ សៀវភៅកម្ពុជសុរិយា ដែលបោះពុម្ពនៅឆ្នាំ២០០៣។ យោងតាមឯកសារទាំងពីរនេះបញ្ជាក់ថា ពាក្យ “ពោធិ៍សាត់ (Pursat)” គឺជាពាក្យត្រឹមត្រូវរបស់ខេត្តនេះ មិនមែន “ពោធិសាត់ (Podhisat)” នោះទេ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡាច ផេងលី មានប្រសាសន៍ថា ការឲ្យនិយមន័យ និងសរសេរឈ្មោះខេត្តពោធិ៍សាត់ ខុស គឺជាកំហុសមួយត្រូវកែប្រែជាបន្ទាន់ដើម្បីកុំឲ្យក្មេងជំនាន់ក្រោយៗភ័ន្តច្រឡំ។ លោកនឹងព្យាយាមកែតម្រូវមិនឲ្យមានការសរសេរឈ្មោះ ឬឲ្យនិយមន័យពីរបីទាក់ទងនឹងខេត្តពោធិ៍សាត់ ស្រេចតែមនុស្សនឹកឃើញនោះទេ ដោយរាប់ទាំងការសរសេរនៅលើស្លាកលេខម៉ូតូជាដើម៖ «អ៊ីចឹងឈ្មោះខេត្តពោធិ៍សាត់ មិនមែនជាពាក្យអាទិទេពអីទេ គឺដកស្រង់ចេញពីបាលីមក ពោធិ៍ ឈ្មោះដើមពោធិ៍ ពោធិ៍ហ្នឹងរសាត់ អ៊ីចឹងពាក្យហ្នឹងគេអានពីរម៉ាត់ គឺពោធិ៍សាត់។ បច្ចុប្បន្នដែលសរសេរផ្លូវការនៅក្នុងផែនទីគេដាក់ PURSAT ពាក្យហ្នឹងត្រឹមត្រូវ តែបើនរណាពោធិ ខុសហើយ។ អ៊ីចឹងស្លាកលេខម៉ូតូនៅថ្ងៃអនាគត មន្ទីរវប្បធម៌នឹងស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន សូមឲ្យកែតម្រូវឡើងវិញ»។
តាមពាក្យពីព្រេងនាយដំណាលថា មានដើមពោធិ៍មួយដើមរសាត់ច្រាសទឹកដ៏ប្លែកអស្ចារ្យ ឃើញដូច្នេះអ្នកស្រុកក៏នាំគ្នាយកខ្សែពួរទៅទាក់ចងតែមិនជាប់ ហើយបន្តរសាត់ដល់កន្លែងមួយត្រង់ខាងមុខទីប្រាសាទព្រះខ័ន។ រសាត់មកដល់ទីនេះ ព្រះសង្ឃ និងអ្នកស្រុក បានរៀបចំគ្រឿងពលីការបូជាទៀន ធូប ផ្កាភ្ញី ដោយអធិដ្ឋានបួងសួងសុំយាងដើមពោធិ៍ ដើម្បីប្រតិដ្ឋានដាំទុកនៅទីតាំងនោះ។
ព្រះសង្ឃបានយកខ្សែអំបោះ ៧សរសៃទៅចងដើមពោធិ៍ រួចប្រគំភ្លេងពិណពាទ្យថ្វាយដើមពោធិ៍ ស្រាប់តែដើមពោធិ៍នោះ ត្រូវបានអ្នកស្រុកអូសតាមជម្រាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័ន បានដោយងាយ។ អ្នកស្រុកក៏ស្រែកអឺងកងឡើងថា “បានការ…បានការ” ហើយទួលនេះបានជាប់ឈ្មោះ “ទួលបានការ” តរៀងមក ដែលបច្ចុប្បន្នទួលនេះ ឋិតនៅខាងកើតវត្តបាកាន ក្នុងទឹកដីស្រុកបាកាន។
ដោយសារប្រាសាទព្រះខ័ន មានបារមីខ្លាំងពូកែ និងបួងសួងសុំកំណប់ទ្រព្យអ្វីបាននោះ ដំណឹងបានលេចឮដល់កងទ័ពសៀម ដែលនៅក្បែរព្រំដែនស្វាយដូនកែវ និងចង់មកជីកយកវត្ថុមានតម្លៃទាំងនោះ។ អ្នកស្រុក និងព្រះសង្ឃក៏នាំគ្នាលើកដីពូនលុបប្រាសាទ ក្នុងបំណងលាក់ទុកអាថ៌កំបាំងដោយយកដើមពោធិ៍ទៅដាំលើចំហៀងកូនភ្នំ និងប្ដូរឈ្មោះមកជា “បាកាន” វិញ ដែលបច្ចុប្បន្នគេហៅថា ស្រុកបាកាន។
ក្រៅពីខ្លឹមសារដកស្រង់ចេញពីសៀវភៅកម្ពុជសុរិយាឆ្នាំ២០០៣ ត្រង់ទំព័រ ៦២នេះ នៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ៧៧៩ បញ្ជាក់ថា ពោធិ៍សាត់ គឺជាឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋ នៅជាប់ខាងកើតខេត្តបាត់ដំបង។ តាមពាក្យដំណាលពីព្រេងនាយថា មានដើមពោធិ៍តូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក ហើយគេបានស្រង់យកទៅដាំនៅកន្លែងមួយ។ ដោយហេតុដូច្នេះ ទើបឲ្យឈ្មោះភូមិប្រទេសនោះថា ពោធិ៍សាត់ ព្រោះពាក្យថា រសាត់ និងសាត់ ជាពាក្យតែមួយអាចប្រើជួសគ្នាបាន។ លុះសំណេរជាយូរអង្វែងមក បានក្លាយជា “ពោធិ៍សាត់” រហូតដល់សព្វថ្ងៃ។
កាលពីដើម ខេត្តពោធិ៍សាត់ មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗចំនួនបួន គឺវិស័យកសិកម្ម នេសាទ ការទាញយកអនុផលព្រៃឈើ និងធនធានថ្មកែវ។
ដើម្បីចង់បង្ហាញពីសក្ដានុពលនៃចម្លាក់ថ្មកែវ អាជ្ញាធរ និងមន្ត្រីជំនាញ បានសម្រេចសង់រូបផ្ដិលដ៏ធំនេះ នៅចំកណ្ដាលទ្រូងផ្លូវជាតិលេខ៥ នាក្រុងពោធិ៍សាត់។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ លោក ឡាច ផេងលី ឲ្យដឹងថា កន្លងទៅមន្ទីរក៏ចង់យកដើមពោធិ៍ ធ្វើជាអត្តសញ្ញាណរបស់ខេត្តដែរ ប៉ុន្តែមិនដឹងសង់យ៉ាងណាឲ្យសមសួន ឬត្រូវទៅនឹងសក្ដានុពលរបស់ខេត្តពោធិ៍សាត់។ ក្រោយមកក្រុមប្រឹក្សា និងគណៈអភិបាលខេត្តដែលកាលណោះដឹកនាំដោយលោក ខូយ សុខា បានសម្រេចសង់រូបសំណាកផ្ដិលនេះឡើងនៅដើមឆ្នាំ២០១៤៖ «ក្បាច់រចនាបថដែលឆ្លាក់នៅលើផ្ដិលនេះ តំណាងឲ្យពោធិ៍សាត់ ដែលពីយូរលង់ណាស់មកហើយ មានជាងចម្លាក់ក្បាច់ខ្មែរយើងនៅក្នុងឯកសារបង្ហាញថា មានតែខេត្តពោធិ៍សាត់ យើងទេ ដែលឆ្លាក់ថ្មកែវហ្នឹង។ ចំណុចទី២ សំខាន់ គឺតំណាងឲ្យខេត្តពោធិ៍សាត់ មានជាប់បឹងទន្លេសាប ហើយបងប្អូនយើងទាំងអស់ប្រើប្រាស់ផ្ដិលគ្រប់ផ្ទះ និងតំណាងឲ្យសេចក្ដីសុខ។ ទី៣ តំណាងឲ្យជង្រុកទឹកស្រោចស្រពស្រែចម្ការ ហើយបច្ចុប្បន្នគេអភិវឌ្ឍខេត្តពោធិ៍សាត់ គេយកវារីអគ្គិសនីក៏ចេញពីខេត្តពោធិ៍សាត់ ដែរ»។
លោក ឡាច ផេងលី បានលើកហេតុផលបន្ថែមទៀតលើការសម្រេចដាក់រូបសំណាកផ្ដិល ជំនួសដើមពោធិ៍ ដែលត្រូវទៅនឹងឈ្មោះខេត្ត និងប្រវត្តិទាក់ទងតាំងពីព្រេងនាយនោះថា ការពិតគេមិនចង់ដាក់រូបសំណាកដើមពោធិ៍ពីរ ឬបីនោះទេ ខណៈដែលរូបសំណាកដើមពោធិ៍ក៏មានមួយដើមហើយដែរ នៅក្នុងបរិវេណវត្តពោធិ៍មានបុណ្យ ឋិតនៅភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន៕
*សូមបញ្ជាក់ថា ផ្អែកតាមឯកសារយោង ភូមិសាស្ត្រខ្មែរ របស់លោក ឌឹក គាម បានឲ្យដឹងថា ខេត្តពោធិ៍សាត់ មានស្រុកចំនួន៣ធំៗ គឺស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកក្រគរ។ ដោយឡែកគោរមងារចៅហ្វាយខេត្តពោធិ៍សាត់ និងចៅហ្វាយស្រុកទាំង៣ រួមមាន៖
-ចៅហ្វាយខេត្ត៖ ឧកញ៉ា សួគាលោក ឥន្ទ្រាឫទ្ធិវិជិតសក្តា មហានិគមធរណិន្ទ ស័ក្តិអគ្គសេនាមហាមាត្យ ឧត្តមក្រមពាហុ
-ភួឈួយខេត្ត៖ សុគ៌ាសមសក្តិ
-បាឡាត់ខេត្ត៖ ពិភ័ក្តិរឿងឫទ្ធិ
-ចៅហ្វាយស្រុកបាកាន៖ សូគ៌ាធិបតី
-បាឡាត់ស្រុកបាកាន៖ ពិនិត្យរឿងរង្គ
-ចៅហ្វាយស្រុកភ្នំក្រវាញ៖ អរញ្ញធិបតី
-ចៅហ្វាយស្រុកក្រគរ៖ ជំនិះសង្គ្រាម
-បាឡាត់ស្រុកក្រគរ៖ ពិជិតសង្គ្រាម