រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ នឹងមានស្ពានខ្ពស់ជាងគេ ក្នុងប្រទេសកម្ពុជា

  • 737
  • ដោយ Admin

(ពោធិ៍សាត់)៖ ផ្លូវជាតិលេខ១០ថ្មីនេះ គឺជាផ្លូវមួយដែលមានការ​ពិបាក​ក្នុងការ​សាងសង់ ហើយក្នុងនោះគឺមានការសាងសង់ស្ពានអាតៃប្រវែង៥១២ម៉ែត្រ និងកម្ពស់ដល់៧៥ម៉ែត្រ ដែលជាស្ពានខ្ពស់​ជាងគេបំផុត​នៅកម្ពុជា។ ដោយផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ថ្លែងឱ្យដឹងកាលពីព្រឹកមិញនេះ ក្នុងពីធីបើកគម្រោងសាងសង់​ផ្លូវជាតិលេខ១០។

ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាពចំពោះសមិទ្ធផលថ្មីបន្ថែមទៀត នៅលើផ្លូវជាតិលេខ១០ ដែលត្រូវបើកការដ្ឋាននាពេលនេះ ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថា ក្រោយពីបានផ្លូវនេះមួយទៀតបងប្អូនប្រជាពលរដ្ឋនៅវាលវែងនេះ រស់នៅកាន់តែមានភាពងាយស្រួល ហើយសម្តេចតេជោបានហៅតំបន់នេះថា៖ «សំណាងថ្មដា វាសនាវាលវែង» ហើយសម្តេចនឹងតែងបទចម្រៀងមួយបទដែលដាក់ថា «សំណាងថ្មដា វាសនាវាលវែង» ទៀតផងនាពេលខាងមុខ។

សម្តេចតេជោបន្តថានៅទីនេះ ថ្ងៃអនាគតនឹងមានការបង្កើតរោងចក្រនៅទីនេះផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា ​​ផ្លូវជាតិលេខទាំងពីរខ្សែនេះ នឹងដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធ​សាស្រ្ត​មួយ សម្រាប់​បម្រើឱ្យ​ការ​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេសកម្ពុជា និងប្រទេសថៃ និងជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។

គួរជម្រាបផងដែរថា ​ផ្លូវជាតិលេខ១០ នេះមាន​ប្រវែងសរុប ១៩៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីសំឡូត វាលវែង អូរសោម កោះកុង និងទទឹងតួផ្លូវ ៩ម៉ែត្រ នេះបើតាមការបញ្ជក់របស់​លោកទេសរដ្ឋមន្រ្តី៕

Ti Amo (ពស)

អត្ថបទទាក់ទង