(ពោធិ៍សាត់)៖ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋងាកមកប្រើក្រមាដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ជាជាងការប្រើប្រាស់ម៉ាស់ ហើយធ្វើឱ្យម៉ាស់ឡើងថ្លៃ។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ប្រវែង១៨២,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ លេខ១០ ប្រវែង១៩៨,៧១ គីឡូម៉ែត្រ ចាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង ដែលស្ថាបនាឡើងក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននោះ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលសម្តេចមិនពាក់ក្រវ៉ាត់ក ហើយបែរមកក្រវ៉ាត់ ក ក្រមា គឺដើម្បីការពារជំងឺកូវីដ-១៩ ជាងជាការប្រើប្រាស់ម៉ាស់ កុំឱ្យម៉ាស់ឡើងថ្លៃ។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “នេះជាប្រភេទក្រវ៉ាត់កថ្មីជំនាន់កូរ៉ូណា ថ្ងៃនេះមានក្រមា កុំអ្នកលក់ម៉ាស់ឡើងថ្លៃ ហើយស្អែកនេះខ្ញុំទៅចែកសញ្ញាបត្រឱ្យនិស្សិតក៏បង់កក្រមាហ្នឹងទៅទៀត មើលវាទាស់ខុសអី។ ក្រមានេះវាស្រួល អាម៉ាស់នេះគេប្រើតែ៣ម៉ោងប៉ុណ្ណោះគេបោះចោលហើយ អីចឹ្ចងយើងម្នាក់ៗត្រូវស្ពាយម៉ាស់ពេញតែខ្លួនច្រើន។ អីច្ចឹងយើងដាក់ក្រមាតាមទៅ បើមានការអីវានឹងស្រួល។” សម្តេចតេជោបានលើកឡើងថា ការប្រើប្រាស់ក្រមានេះនឹងធ្វើឱ្យអ្នកលក់ក្រមាកាន់តែលក់ដាច់ ជាស្នាដៃរបស់កូនខ្មែរ និងមានទីផ្សារថែមទៀត។ ដូច្នេះយើងប្រើប្រាស់ក្រមារបស់ខ្មែរជាការល្អ ។
សម្តេចតេជោបានលើកឡើងទៀតថា ការប្រើប្រាស់ក្រមាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលបោក ហើយការបង់កក្រមាជាទម្លាប់របស់ប្រជាជនខ្មែរយើងចាប់តាំងពីដើមរៀងមក។ សម្ដេចតេជោបានចាត់ទុក ការបង់ក ក្រមា គឺជាក្រវ៉ាត់ក ជំនាន់ថ្មីសម័យតេជោសែន និងសម័យកើតជំងឺឆ្លងកូរ៉ូណា ឬកូវីដ-១៩។ សម្តេចតេជោបានបន្ថែមថា “ស្អែកនេះខ្ញុំទៅចែកសញ្ញាបត្រដល់និស្សិត ហើយយកក្រមាបង់ក មើលយើងធ្វើបែបនេះកុំឱ្យម៉ាស់ឡើងថ្លៃ។ ម៉ាស់គេប្រើតែប៉ុន្មានម៉ោង បើប្រើលើកកម្រិត អីច្ចឹងវានឹងឆ្លងជំងឺចេញពីម៉ាស់នេះទៀត”៕
Ti Amo (ពស)