(ពោធិ៍សាត់)៖ ក្រោយធ្វើដំណើរតាមរថយន្តចេញពីច្រកព្រំដែនកម្ពុជា-ថៃ «ថ្មដា» ប្រមាណ១០នាទីរួចមក ក្រុមការងារ Fresh News និងរដ្ឋបាលខេត្តពោធិ៍សាត់ បានទៅដល់ដងស្ទឹងធម្មជាតិមួយហៅថា «ស្ទឹងមេទឹក» ដែលនៅទីនោះក៏មានទឹកធ្លាក់ដ៏ស្រស់ស្អាតមួយសម្ងំលាក់ខ្លួនចំកណ្ដាលព្រៃព្រឹក្សា ជាប់ផ្លូវបុប្ផាលាក់ខ្លួន បានទម្លាក់ខ្លួនលើផ្ទៃថ្មធំៗលាន់ឮប្រ៉ាវៗទ្រហឹងអឺងកងរំពងព្រៃ។
ទឹកធ្លាក់នេះត្រូវបានអ្នកស្រុកហៅថា «ទឹកធ្លាក់ថ្មដាធំ» ដែលកើតចេញពីការរញ្ជួយដីបាតស្ទឹងជ្រែកកាត់ជ្រលងភ្នំ និងមានលេចចេញនូវផ្ទាំងថ្មជ្រុងៗយ៉ាងធំសម្បើមជាច្រើនផ្ទាំង ប្រៀបដូចគេដាប់បម្រុងជញ្ជូនយកទៅធ្វើមហាវិមាន ឬមហាប្រាសាទយ៉ាងអញ្ចឹង គួបផ្សំនឹងខ្សែទឹកសថ្លា ញ៉ាំងទិដ្ឋភាពកណ្ដាលព្រៃនៃតំបន់ថ្មដា រឹតតែមានបរិយាកាសស្រស់ស្រាយ។
ប្រសិនបើមើលទិដ្ឋភាពទេសភាពពីលើអាកាសទៀតសោត ទឹកធ្លាក់ថ្មដាធំហាក់កំពុងសណ្ដោងសណ្ដូងគ្នាឆ្ពោះទៅកាន់ឈូងសមុទ្រថៃ លើទឹកដីខេត្តត្រាត ពីព្រោះតំបន់នេះនៅជាប់ព្រំដែនកម្ពុជា-ថៃស្រាប់ ហើយនៅមិនឆ្ងាយពីសមុទ្រប៉ុន្មានឡើយ។
ថ្វីដ្បិតទឹកធ្លាក់ធម្មជាតិមានសក្ដានុពលទេសចរណ៍ដ៏ល្អឯកក៏ពិតមែន ប៉ុន្តែកន្លែងនេះមិនទាន់មានការកែច្នៃឱ្យមានភាពទាក់ទាញបន្ថែមទៀតនៅឡើយទេ ខណៈមានប្រជាពលរដ្ឋតិចតួចណាស់ដែលបានទៅដល់ទីនោះ។ ដូច្នេះទឹកធ្លាក់ថ្មដាធំ គួរតែត្រូវរៀបចំកែលម្អឱ្យបានស្អាត និងមានភាពទាក់ទាញជាងមុន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផងដែរ៕
Ti Amo (ពស)