(ពោធិ៍សាត់)៖ ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ រ៉បនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។
បើយើងធ្វើដំណើរលើវិថីពត់ពេន (ផ្លូវបុប្ឆាលាក់ខ្លួន) តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមស្រុកវាលវែង ឬ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ទឹកធ្លាក់នេះ ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ រមណីយដ្ឋាននេះមាន ចម្ងាយជាង១០០ម៉ែត្រប៉ុណ្ណោះ ដើរចុះពីផ្លូវជាតិលេខ៥៥ ភ្ញៀវទេសចរនឹងបានឃើញ ទឹកហូរលើជម្រាលថ្ម ជាដំណាក់ៗដូចកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួលងូតកម្សាន្ដ ដល់ភ្ញៀវទេសចរ អមដោយទេសភាពព្រៃព្រឹក្សា។
ទឹកធ្លាក់ថ្មដាតូចនេះមាន ២ថ្នាក់ រួមមាន៖
-ថ្នាក់ខាងលើ ដែលលោកអ្នកដើរចុះមកដល់មុនគេ គឺជាទីឋានសម្រាប់ងូតទឹកលេងកម្សាន្ត ដោយសារដំណាក់នេះ មានទឹកធ្លាក់ហូរលើជម្រាលជាថ្នាក់ៗ ដូចកាំជណ្តើរ។
-ថ្នាក់ខាងក្រោម គឺជាល្បាក់ទឹកធ្លាក់ កម្ពស់ជិត១០ម៉ែត្រ លោកអ្នកអាចមុជទឹកលេងនៅទីនោះ ពិតជាធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីហត់នឿយ ពីដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ ទឹកធ្លាក់នេះ មានទឹកហូរខួបប្រាំង ខួបវស្សា គ្រាន់តែនៅរដូវប្រាំង មានទឹកហូរតិចប៉ុណ្ណោះ។
ជាការពិតណាស់ កញ្ចុះសម្រាប់ជួលនៅទីនោះមានច្រើនកន្លែង និងមានបង្គន់អនាម័យផងដែរ៕
Khem Chamroeun (ពស)