រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់, លោក កូយ កាន់យ៉ា ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ មកជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់

  • 2.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច មក​កាន់​តំណែង ជា​ព្រះ​រា​ជ​អាជ្ញា នៃអយ្យការអមសាលាដំបូង​ខេត្តពោធិ៍សាត់ ជំនួស​លោក តន់ សីហតេជ «អតីព្រះរាជអាជ្ញា» វរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ ដែលត្រូវទទួលតំណែងថ្មី ជា​អគ្គ​ព្រះ​រាជអា​ជ្ញា​រង ​នៃ​មហាអយ្យការ​អមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងមន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ រួមទាំងភ្ញៀវកិត្តយសតាមបណ្តាមន្ទីរអង្គភាពជាច្រើនរូបទៀត។

បន្ទាប់ពីឯកឧត្តម អ៊ួង សុភារិន អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអានព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរ តែងតាំងមុខតំណែង, ពិធីប្រគល់ត្រា ព្រះរាជអាជ្ញា និងមតិប្តេជ្ញាចិត្ត របស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ រួចមក, ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ច របស់អាជីពចៅក្រម ព្រះរាជអាជ្ញា ឬមន្ត្រីរាជការនានាៗ គឺជាផ្នែកមួយ នៃកំណែទំរង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ ក្នុងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត ពីសំណាក់សាធារណៈជន និងប្រជាពលរដ្ឋ ក្នុងវិស័យយុត្តិម៌។

ឯកឧត្តម​រដ្ឋលេខាធិការ បាន​ជំរុញ​ឱ្យព្រះរាជអាជ្ញា ដែល​ទើប​មក​កាន់​តំណែង​ថ្មី ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការ​គោរព​ច្បាប់​ ឱ្យ​បាន​តឹង​រឹង​បំផុត​ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​ផ្សេង​ៗ ​ក្នុងរដ្ឋបាល​ខេត្តពោធិ៍សាត់៖ ​ដូច​ជា​បទល្មើសនេសាទ បទល្មើសព្រៃឈើ ជាពិសេស​គ្រឿងញៀន​ ​ជា​អនុសាសន៍​របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​​កម្ពុជា ​កំពុង​តែ​ចាត់​វិធានការ​ទប់ស្កាត់យ៉ាងតឹងរឹង​។

ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​ស្នើ​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ សម្បជញ្ញៈ មនសិការ​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌ និង​ស្វែងរក​យុត្តិធម៌ ប្រកបដោយ​តម្លាភាព សមភាព និង​យុត្តិធម៌​ ស្របតាម​ច្បាប់ គឺ​សំដៅ​ធ្វើ​យ៉ាងណា ឱ្យមនសិការ​កាន់តែ​ទទួល​នូវ​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។

ជាមួយគ្នានោះ ត្រូវអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​យ៉ាង​ម៉ឹង​មាត់ ព្រោះ​ក្រមសីលធម៌​នេះ ជា​ត្រីវិស័យ​ សម្រាប់ជួយ​តម្រង់ផ្លូវ​ឱ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា បាន​ក្លាយ​ខ្លួន​គោរព​ច្បាប់ ដែល​ជា​សកម្មភាព​ខ្ពស់ ក្នុង​គោលបំណង ពង្រឹង​សេចក្តី​ថ្លៃថ្នូរ ក្នុង​ការ​អនុវត្ត​ភារកិច្ច​តុលា​។ ត្រូវ​ជំរុញ លើកកម្ពស់​ឯករាជ្យ​ភាព ​របស់​តុលាការ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួន​ក្លាយជា​បុគ្គល ដែល​មាន​ចរិត​យុត្តិធម៌​។ ជាមួយនឹងអាគាររដ្ឋបាលថ្មី សាលាដំបូងខេត្ត ឯកឧត្ដម ព្រហ្ម សិទ្ធត្រា បានស្នើ​រៀបចំទុកដាក់​បញ្ជីរឿង​ក្តី​ឱ្យ​បានត្រឹមត្រូវ​ប្រកបដោយការ​ទទួលខុសត្រូវខ្ពស់ និង​បន្ត​ចាត់ការ​ឱ្យបានទាន់​ពេលវេលា ទៅ​តាម​នី​តី​វិធី ដែល​ច្បាប់បាន​កំណត់ ជៀសវាង​ទុក​សំណុំរឿងចោល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាព នៃការ​ឃុំខ្លួន​ជនសង្ស័យ ឬ​ជនល្មើស លើស​ការ​កំណត់​នៃ​ច្បាប់​៕

Ti Amo (ពស)

អត្ថបទទាក់ទង