រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ដោយឱ្យក្រុមការងារ បន្តយកអង្ករចែកជូនពលរដ្ឋដែលខ្វះខាតតាមខ្នងផ្ទះ ក្នុងពេលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាថ្ងៃទី២៥ ដល់២៨ ខែមីនា ឆ្នាំ២០២០ បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយ ឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត បន្តចុះ​ចែក​អង្ករ តាម​ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត បានជាច្រើនគ្រួសារ ព្រមទាំងធ្វើការផ្សព្វផ្សាយសាររួមគ្នា តាមទីសាធារណៈ និងរោងចក្រ ដើម្បីការពារ និងទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ (Covid-19) ក្នុងពេលដែល​ជំងឺនេះ កំពុង​រីក​រាលដាល​ជាសកល។

ទាំងនេះគឺជាការឆ្លើយតប ទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាពរាជធានីភ្នំពេញ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះថា «ក្រុមការងារ​ចុះជួយ​តាមបណ្តា​រាជធានីខេត្ត ស្រុក ក្រុង ត្រូវចុះ​ចែក​អង្ករ និង​ចែក​ក្រមា ឬម៉ាស​តាម​ផ្ទះ ដល់​អ្នក​ខ្វះខាត ក្នុងពេលដែល​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​។ ក្នុងនោះខេត្តកណ្តាល ដែលមាន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ត្រូវ​ចាប់​ផ្តើមធ្វើ​មុនគេ។ ជាមួយគ្នានោះ ត្រូវផ្សព្វផ្សាយសាររួមគ្នា ដើម្បីការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លង Covid-19 នៅក្នុងប្រទេសកម្ពុជា ហើយអំឡុងពេលនេះ សូមប្រជាពលរដ្ឋកុំចេញពីផ្ទះប្រសិនមិនមានករណីចាំបាច់។»

https://www.facebook.com/102399484616876/videos/203639294270863/

សូមជម្រាបថា គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៨៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ សម្រាប់ខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះផ្ទុះឡើងនៅឡើយទេ៕

Ti Amo (ពស)

អត្ថបទទាក់ទង