រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបន្ទាន់ ដាក់ផែនការបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ, ក្រោយមានបទបញ្ជាសម្ដេច​​តេជោ ​​ ​​ក្នុង​​គោលដៅ​​ទប់ស្កាត់​​ការ​​រីក​​រាលដាល​​ជំងឺ​​កូ​​វីដ​​១៩

  • 1.7ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ នៅវេទិកាសាលាខេត្ត បានបើកកិច្ចប្រជុំមួយជាបន្ទាន់ជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីដាក់ផែនការភ្លាមៗ បិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ក្នុង​​គោលដៅ​​ទប់ស្កាត់​​ការ​​រីក​​រាលដាល​​ជំងឺ​​កូ​​វីដ​​១៩ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤៖០០នាទីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនោះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

ក៏ប៉ុន្តែនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយកែសម្រួលថ្មី ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងស្រុកប្រទេស៖

ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។

ទោះបីជាយ៉ាងណា ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖

* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
* រថយន្តពន្លត់អគ្គីភ័យ
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ៕

អត្ថបទទាក់ទង