(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃនេះបានចេញសេចក្តីសម្រេចមួយ ដោយប្រកាសបិទបញ្ចប់ការដាក់កំហិត នូវការធ្វើចរាចរឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ ធ្វើចរាចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះតទៅ។
សេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យោងលើតម្រូវការជាក់ស្តែង ក្នុងការសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីចៀសវាងការកកស្ទះដោយសារការរង់ចាំនូវការបើកចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតឡើងវិញ នៅម៉ោង២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្របតាមការកំណត់នៃបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលសម្រេចបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត១៩ នៅត្រឹមម៉ោង០៦៖០០ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ជាកំហិត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ និង១០ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយដាក់កំហិតលើ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ចាប់ពីថ្ងៃទី០៩ ដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លើកលែងតែក្នុងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ការដាក់កំហិតនូវការធ្វើចរាចរឆ្លងខេត្ត៖