រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

និមិត្តសញ្ញា«ខេត្តពោធិ៍សាត់» គ្រោងនឹងសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់លើលិខិតរដ្ឋបាលជាផ្លូវការ

  • 4.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា និមិត្តសញ្ញាខេត្តពោធិ៍សាត់ (Logo) នឹងត្រូវដាក់សុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីអាចយកមកប្រើប្រាស់លើលិខិតរដ្ឋបាលផ្លូវការ និងអាចសាងសង់ក្លាយជាកន្លែងគោរពបូជា ដែលមានការទាក់ទាញពីភ្ញៀវទេសចរណ៍ផងដែរ។ និមិត្តសញ្ញានេះ បានទទួលការពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅវេទិកាសាលាខេត្ត។

ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក៏មានរបៀបវារ:សំខាន់ៗ ចំនួន១០ យកមកពិនិត្យ និងពិភាក្សា រួមមាន៖ ១.ពិនិត្យកូរ៉ុម, ២.ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត, ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី១១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ៤.ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត, ៥.ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត, «៦.ពិនិត្យ និងអនុម័ត និមិត្តសញ្ញា របស់ខេត្តពោធិ៍សាត់», ៧.ពិនិត្យ និងអនុម័ត ស្ថាបនាស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥, ៨.ពិភាក្សាការដាំដើមឈើ នៅផ្លូវវៀងក្រុងពោធិ៍សាត់, ៩.ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង១០. បញ្ហាផ្សេងៗ។

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ «ទឹក ដី មនុស្ស និងប្រវត្តិសាស្រ្ត» បានបង្ហាញពីប្រភពធនធានធម្មជាតិ ដ៏សម្បូរបែបក្នុងការអភិវឌ្ឍ ដែលផ្តើមចេញពីភាពឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋ លើទឹកដីដ៏អំណោយផលនេះ ទើបយើងអាចកំណត់បានជានិមិត្តសញ្ញាសម្គាល់ខេត្ត ដូចខាងក្រោម៖

១-រូបមនុស្សជិះសេះស្ពាយដាវ តំណាងឱ្យវីរភាពដ៏អង់អាចក្លាហានរបស់ ឧកញ៉ាពញាសួគ៌ាលោក ឃ្លាំង មឿង រួមទាំងក្រុមគ្រួសាររបស់លោក ដែលសុខចិត្តលះបង់ធ្វើពលីកម្មបូជានូវអាយុជីវិត ឥតស្តាយស្រណោះដើម្បីបុព្វហេតុជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និងជាគំរូដ៏ល្អមួយសម្រាប់ដល់មនុស្សជំនាន់ក្រោយឱ្យខិតខំការពារកសាងជាតិមាតុភូមិឱ្យបានគង់វង្ស និងរុងរឿង។

២-រូបតំបន់ជួរភ្នំក្រវាញ (ផ្ទៃខាងក្រោយរូបសេះ) ភ្នំក្រវាញជាឈ្មោះភ្នំមួយនៅក្នុងខេត្តពោធិ៍សាត់ សម្បូរទៅដោយធនធានរ៉ែធម្មជាតិ អនុផលព្រៃឈើ រុក្ខជាតិជាឱសថបុរាណ និងជាជម្រកនៃសត្វព្រៃគ្រប់ប្រភេទ។ ជួរភ្នំក្រវាញ គឺជាប្រភពនៃទឹកសម្រាប់ការងារកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ព្រមទាំងជាប្រភពថាមពលវារីអគ្គិសនី និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែបដ៏មានសក្ដានុពលនៃខេត្ត។

៣-រូបដីឬផែនថ្ម ដែលសេះឈរពីលើតំណាងឱ្យធនធានរ៉ែធម្មជាតិ ដ៏សម្បូរបែបរបស់ខេត្ត ដូចជា ប្រភពរ៉ែថ្មកែវ ដែលជាថ្មមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ជាថ្មដែលគេយកទៅច្នៃជាផលិតផលសិល្បៈសូនរូបផ្សេងៗ។

៤-ដើមពោធិ៍ និងក្រូចពោធិ៍សាត់៖ ដើមពោធិ៍ គឺតំណាងឱ្យប្រវត្តិនៃឈ្មោះរបស់ខេត្តពោធិ៍សាត់ ដែលមកពីពាក្យដើមគឺ (ពោធិ៍-រសាត់) មានចំនួន ១២សន្លឹក តំណាងឱ្យគុណអ្នកម្តាយ។ ក្រូចពោធិ៍សាត់ តំណាងឱ្យផលានុផលផ្លែឈើដែលត្រូវបានដាំ ក្នុងសម័យអាណានិគមនិយមបារាំង ក្នុងភូមិដប់បាត ស្រុកបាកាន ខេត្តពោធិ៍សាត់ ដំបូងគេនៅកម្ពុជា ដោយស្ថានីយស្រាវជ្រាវដើមក្រូចមុនឆ្នាំ១៨៦៣ ហើយមានចំនួន ២១ផ្លែ តំណាងឱ្យគុណលោកឪពុក។

៥-ផ្ទៃទឹក និងត្រី តំណាងឱ្យបឹងទន្លេសាបដែលជាអាងស្តុកទឹកដ៏សំខាន់ និងជាដែនជម្រកមច្ឆាជាតិគ្រប់ប្រភេទ ដែនជម្រកជីវៈចម្រុះ និងសម្រាប់បម្រើឱ្យតម្រូវការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។

៦-រូបគួរស្រូវក្រងជារង្វង់ស្នែងក្របី បង្ហាញអំពីភាពសម្បូរបែបនៃដំណាំស្រូវ ដែលលាតសន្ធឹងលើផ្ទៃដីកសិកម្មដ៏ធំទូលាយ ជាគ្រឹះរឹងមាំសម្រាប់ខឿនសេដ្ឋកិច្ចជាតិ។

៧-បូ (ពណ៌ក្រហម ខៀវ និងបៃតង) តំណាងឱ្យជាតិដែលប្រជាពលរដ្ឋទាំងមូលនៅក្នុងខេត្តពោធិ៍សាត់ នាំគ្នាស្តារ និងលើកស្ទួយក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

៨-អក្សរ “ខេត្តពោធិ៍សាត់” បញ្ជាក់ថាប្រជាជនខេត្តពោធិ៍សាត់ គោរពយ៉ាងខ្ជាប់ខ្ជួន និងបំពេញភារកិច្ចជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយជ្រកក្រោមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ។

៩-ក្រវាញ គឺជារុក្ខជាតិផ្តល់នូវ ដើម ផ្កា និងផ្លែ សម្រាប់ប្រើប្រាស់ជាអាហារ និងឱសថមានឈ្មោះល្បីល្បាញជាយូរលង់ណាស់មកហើយ ជាមួយឈ្មោះជួរភ្នំក្រវាញ និងរបាំបេះក្រវាញ ។ល៕

Ti Amo (ពស)

អត្ថបទទាក់ទង