(ពោធិ៍សាត់)៖ ទំនាស់ ក៏ដូចជាបញ្ហាប្រឈម ប្រមាណជា១០៧ករណីផ្សេងគ្នា ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងវេទិកា «សមាជ» ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ចាប់ពីវេលាម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៤ និង៤៥នាទីល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។
កិច្ចដំណោះស្រាយខាងលើនេះ «សមាជ» បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាលក្រុងស្រុកទាំង៧ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។
បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។ ក្នុងយន្តការដឹកនាំខេត្តបានជាង៦ឆ្នាំមកនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រមទាំងបានលើកឡើងថា «អ្នកយកដីគេ ត្រូវឱ្យគេវិញ, អ្នកជំពាក់លុយគេ ត្រូវសងគេ, បើអត់ត្រូវសុំគេ ទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា ជាពិសេសត្រូវចងចាំថា ការយល់យោគអធ្យាស្រ័យ សន្តោសប្រណីគ្នាទៅវិញទៅមកជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ»។
លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្ថែមថា សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៤ និង៤៥នាទីល្ងាច, ឯកឧត្តម ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមដែលកើតមាន បាន១០៧ករណី ដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់ និងមួយចំនួនទៀតត្រូវបានបន្តដោះស្រាយនៅពេលក្រោយ។ ក្នុងកិច្ចដំណោះស្រាយនោះផងដែរ ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានទទួលទានមីកញ្ចប់ ពោតស្ងោរ នំប៉ាវ ទឹកក្រូច និងទឹកបរិសុទ្ធ ជាអាហារសម្រន់បន្តរងចាំដោះស្រាយ ទៅតាមសំណុំរឿងនីមួយៗ។
លោក គឹម ចន្ថា បានបន្ថែមទៀតថា ពេលខ្លះសំណុំរឿងដែលដោះស្រាយនៅសាលាខេត្តមិនទាន់ចប់ ឯកឧត្តម ម៉ៅ ធនិន បានចារលិខិតនោះ ទម្លាក់ទៅអាជ្ញាធរស្រុកក្រុង ដើម្បីធ្វើការដោះស្រាយ ក្នុងរយៈពេល៧ថ្ងៃ ប្រសិនបើស្រុកក្រុងនោះដោះស្រាយមិនចេញ លោកនឹងដឹកនាំមន្ទីរពាក់ព័ន្ធ ចុះទៅដោះស្រាយនៅទីតាំងជម្លោះផ្ទាល់តែម្ដង។
ការខិតប្រឹងប្រែងក្នុងការដឹកនាំ និងដោះស្រាយទំនាស់ បានធ្វើឱ្យប្រជាពលរដ្ឋ ស្រលាញ់ពេញចិត្ត និងគាំទ្រ ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្តពោធិ៍សាត់ ជារៀងរហូត។ ជាមួយគ្នានោះ ពួកគាត់បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូនអភិបាលខេត្តដ៏ល្អ មកដឹកនាំ និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់៕
Ti Amo (ពស)