(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានថ្លែងកោតសរសើរចំពោះមន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពក្នុងស្រុកបាកាន ដែលខិតខំប្រឹងប្រែងក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងរៀបចំអនាម័យបរិស្ថានក្នុងមណ្ឌលបានល្អប្រសើរ ស្របតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលសេវាសុខាភិបាល និងបានផ្តល់អំណោយជាវត្ថុកំដរដៃ ដល់មន្ត្រីផ្តល់សេវាសុខាភិបាល និងស្តី្រដែលសម្រាល និងត្រៀមសម្រាលកូន នៅមណ្ឌលសុខភាពត្រពាំងជង មណ្ឌលសុខភាពបឹងបត់កណ្តោល និងមណ្ឌលសុខភាពមេទឹក ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋយើងកាន់តែមានការយល់ដឹងពីបញ្ហាសុខភាព និងមានទំនុកចិត្ត ជឿជាក់លើសេវាសុខាភិបាលរបស់ជាតិ ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ឯកឧត្តមបានផ្តាំផ្ញើដល់មាតាគ្រប់រូប សំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ ជាមួយគ្រូពេទ្យជំនាញតាមការកំណត់ជាប្រចាំ ព្រមទាំងទៅសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីទទួលបានសុខសុវត្ថិភាពមាតា ទារក ទាំងមុន និងក្រោយពេលសម្រាល។
ឯកឧត្តមក៏បានក្រើនរំលឹក ដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារ តាមរយៈក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមជាមាតាទី២ ប្រកបដោយការសណ្តោសប្រណី ព្រមទាំងបន្តចូលរួមដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃរលកទី២ នៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍។
សូមបញ្ជាក់ផងដែរថា ជាទម្លាប់នៅរៀងរាល់ចុះផ្ទាល់ដល់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ស្ត្រីដែលសម្រាល និងត្រៀមសម្រាលកូន, ឯកឧត្តម ម៉ៅ ធនិន តែងតែផ្តល់ជូនក្នុងម្នាក់ៗ សារុង៣ និងថវិកាមួយចំនួនស្មើៗគ្នា ដោយឡែកប្រជាពលរដ្ឋ និងមន្ត្រីផ្តល់សេវាសុខាភិបាល ក៏ទទួលបានសារុងម្នាក់១ផងដែរ៕
Ti Amo (ពស)