(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានចុះសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ ជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលកំពុងរកទទួលទាន ក្នុងផ្សារថ្មីពោធិ៍សាត់ ក្រោយពីស្ថានភាពកូវីដ១៩នៅកម្ពុជា ហាក់មានភាពធូរស្រាលជាងមុនបន្តិច។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលកន្លងមក ឯកឧត្តមតែងតែចុះជាប់ជាប្រចាំ នៅគ្រប់ផ្សារទាំង១១ ទូទាំងខេត្តពោធិ៍សាត់ ដើម្បីក្តាប់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ ក្នុងផ្សារទាំងអស់។ ឯកឧត្តមបានបន្ថែមថា ក្នុងស្ថានភាពកូវីដ១៩ ផ្ទុះឡើងជាសកល ឯកឧត្តមបានខកខានបន្តិច ក្នុងការចុះជួបបងប្អូនអាជីវករ តែនៅពេលនេះស្ថានភាពកូវីដ បានធូរស្រាលជាងមុនបន្តិច ជាពិសេសខេត្តពោធិ៍សាត់ ពុំមានករណីកូវីដ១៩នៅឡើយ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងសណ្តាប់ធ្នាប់ជុំវិញផ្សារ ជូនបងប្អូនអាជីករ ជាពិសេសសម្រួល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ សម្តៅរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់បងប្អូនអាជីវករ សូមឱ្យដាក់តាំងលក់ តាមគំនូសដែលបានកំណត់ ដើម្បីរក្សាសោភណ្ឌភាព សណ្តាប់ធ្នាប់ផ្សារ និងបញ្ជៀសការកក់ស្ទះចរាចរណ៍ ព្រមទាំងបានទទួលយកនូវសំណូមពរ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ដើម្បីឱ្យអ្នកទទួលម៉ៅការភាស៊ី និងអាជ្ញាធរក្រុង ធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗ ជូនបងប្អូនអាជីវករ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តល់ជូនថវិកាបន្តិចបន្តួចដល់លោកតា លោកយាយ និងជនចាស់ជរា ដែលបានយកបន្លែបង្ការបន្តិចបន្តួច មកលក់ដូរចិញ្ចឹមជីវិតនៅទីនោះផងដែរ៕
Ti Amo (ពស)