រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គ្រួសារជនរងគ្រោះ ផ្ទុះមីនស្លាប់២នាក់ នៅស្រុកវាលវែង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់

  • 595
  • ដោយ Admin

(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាតំណាងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងមន្រ្តីសាខា បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក យ៉ង់ សារី អាយុ៣៩ឆ្នាំ និងលោក ង៉ែត ត្រា អាយុ២០ឆ្នាំ ដែលស្លាប់ដោយសារផ្ទុះមីន កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០កន្លងទៅ នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីប្រគល់អំណោយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក វ៉ាន់ ហ៊ាង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខពីឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងលោក ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍ សាខា ជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ខិតខំប្រកបការងារ ដើម្បីកសាងជីវភាពគ្រួសារឱ្យបានរុងរឿង។

ជាមួយគ្នានោះ លោកនាយកសាខា ក៏បានលើកទឹកចិត្តឱ្យក្រុមគ្រួសាររងគ្រោះទាំងអស់គ្នាកុំអស់សង្ឃឹម ត្រូវបន្តប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃឱ្យបានកាន់តែប្រសើរតទៅថ្ងៃមុខ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងកាក សំណល់ពីសង្គ្រាម ដែលបណ្តាលឱ្យរងរបួស ឬគ្រោះថ្នាក់ ដល់អាយុជីវិតជាយថាហេតុ។

សម្ភារដែលត្រូវផ្តល់ជូនគ្រួសារសព ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម, ទឹកត្រី២យួរ, ទឹកស៉ីអ៉ី ២យួរ, ទឹកក្រូច៣កេស និងថវិកា៥០ម៉ឺនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង