(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងថា មនុស្សដែលមិនស្គាល់ពីអតីតកាលរបស់ខ្លួន គឺមិនដែលជោគជ័យនៅក្នុងពេលបច្ចុប្បន្នទេ ហើយមនុស្សដែលមិនស្គាល់ពីកម្លាំងរបស់ខ្លួននៅពេលបច្ចុប្បន្ន គឺមិនអាចលើកទិសដៅយកជោគជ័យទៅថ្ងៃអនាគតនោះដែរ។ ត្រង់ចំណុចនេះ លោកគ្រូ អ្នកគ្រូ ត្រូវបណ្តុះ ខាកខ្ជាក់ នូវវប្បធម៌កតញ្ញូ និងចរិកជាតិនិយម ដល់កូនចៅយើងជំនាន់ក្រោយ ឱ្យបានដឹង និងយល់កាន់តែច្បាស់ ពីប្រវត្តិសាស្ត្រការដឹកនាំ ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូររហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។
ឯកឧត្តមបានលើកឡើងបែបនេះ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យពោធិ៍សាត់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ ដោយបានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជិត២០០នាក់។
ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា វិស័យអប់រំ គឺជាវិស័យមួយដែលមានអាទិភាព និងដើរតួរយ៉ាងសំខាន់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព លើផ្នែកចំណេះដឹង ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតនាពេលបច្ចុប្បន្ន។ ឯកឧត្តមបានបន្តថា កន្លងមកនេះយើងបានផ្អាកជាបណ្តោះអាសន្នគ្រប់គ្រឹះស្ថានអប់រំសិក្សា ក្នុងកាលៈទេសៈជំងឺកូវីដ១៩កំពុងរីករាលដាលជាសកល តែថ្មីៗនេះយោងតាមការណែនាំ និងការបែងចែកម៉ោងសិក្សា របស់ក្រសួងអប់រំ អំពីវិធានការការពារពីជំងឺកូវីដ១៩ នៅពេលរៀន និងបង្រៀន គឺអនុញ្ញាតឱ្យបើកទ្វារគ្រប់កម្រិតសិក្សាពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តែនៅក្នុងក្រុងតែប៉ុណ្ណោះ។ ដោយឡែកតាមបណ្តាស្រុក សម្រាប់ថ្នាក់មធ្យមសិក្សា គឺអនុញ្ញាតឱ្យរៀនតែពីថ្នាក់ទី៩ និង១២តែប៉ុណ្ណោះ និងធ្វើការបែងចែកវេនសិក្សា និងការកំណត់ចំនួនសិស្ស ចែកចេញជា២ ពី១៥ ទៅ២០នាក់ ក្នុងមួយថ្នាក់ និងមានបង្កើតគណៈកម្មាការ ដើម្បីចូលរួមការពារ និងទប់ស្កាត់អំពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ និងតាមរយៈវិស័យអប់រំនាពេលនេះ។
ឯកឧត្តម បានបន្ថែមថា អ្វីៗសព្វគ្រប់នៅលើលោក គឺផ្តើមចេញពីលោកគ្រូ អ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី ជាពុម្ពផលិតមនុស្សថ្មី ជាអ្នកសាបព្រោះព្រលឹងរបស់ជាតិ ជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិ និងជាជាងចម្លាក់ដ៏ចំណាន គ្រូមានភារកិច្ចច្បាស់ណាស់ ដើម្បីផលិត និងបោះពុម្ពមនុស្សចេញមក ប្រកបទៅដោយធនធាន សមត្ថភាព និងទេពកោសល្យ។ គ្រប់ទង្វើ និងសកម្មភាព របស់លោកគ្រូ អ្នកគ្រូ សុទ្ធតែជាការអប់រំ ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទៈក្នុងការបំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានការបណ្តុះនូវវប្បធម៌កតញ្ញូ និងចរឹកជាតិនិយម ដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមបានមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះសម្លៀកបំពាក់បូរាណខ្មែរ គឺពិតជាបង្កប់នូវអត្ថន័យ និងបង្ហាញអត្តសញ្ញាណ វប្បធម៌ ប្រពៃណីជាតិ ឱ្យបរទេសបានស្គាល់ ដូច្នេះស្នើដល់លោកគ្រូ អ្នកគ្រូ ដែលថ្នាលបណ្តុះមនុស្សថ្មី សូមចាប់ផ្តើមមុនគេ ក្នុងការស្លៀកសំលៀកបំពាក់នេះ នៅពេលមានកម្មវិធីជប់លៀង ឬកម្មវិធីក្នុងសាលាម្តងម្កាល។
ថ្នាក់ដឹកនាំខេត្តរូបនេះ បានបន្ថែមទៀតថា ក្រដាសមួយសន្លឹកគ្រាន់តែជាចំណាត់តាំងប៉ុណ្ណោះ ប៉ុន្តែអត្ថន័យ និងតម្លៃពិតរបស់ក្រដាសនោះ គឺស្ថិតនៅលើសុខទុក្ខ ការសណ្តោសប្រណី យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដូចគ្រួសារតែមួយ ដែរទាំងអស់នេះគឺជាកិត្តិយស និងភាពថ្លៃថ្នូរបស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន បានជូនវត្ថុកំដរដៃ រួមមានអង្ករ សារុង និងថវិកាមួយចំនួន ជូនលោកគ្រូអ្នកគ្រូ ព្រមទាំងបានចែកលិខិតបញ្ជាក់ការសិក្សា និងថវិកា ជូនក្មួយៗសិស្សានុសិស្ស ចំនួន៣៤រូប ដែលបានបញ្ចប់វគ្គសិក្សា «ការអប់រំសហគ្រិនភាព៖ ការយល់ដឹងពីធុរកិច្ច (KAB)»។ ព្រមទាំងបន្តទទួលអង្ករ ភេសជ្ជៈ និងសម្ភារៈមួយចំនួន ពីព្រះញាណកោសល្យ យឹម ចំរើន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះចៅអធិការវត្តសន្សំកុសល ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងដើម្បីត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងជួបវិបត្តិកូវីដ១៩ផងដែរ៕
Ti Amo (ពស)