(ពោធិ៍សាត់)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលទ្ធផលអនុវត្តការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជន និងគ្រួសារ ដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ក្នុងខេត្តពោធិ៍សាត់។
កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅសាលប្រជុំ Video Conference សាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ លោកអភិបាលរងទទួលបន្ទុក មន្ទីរអង្គភាពជំនាញ អភិបាលក្រុងស្រុក អធិការក្រុងស្រុក និងប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀត។
ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា លទ្ធផលនៃការអនុវត្តការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ចថ្មី ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានទំហំសរុបចំនួន៩៥៥ហិកតា មានព្រំប្រទល់ខាងជើង ទល់នឹងដីភូមិរបស់ប្រជពលរដ្ឋ, ខាងត្បូងដីបរិស្ថាន, ខាងកើតទល់ដីអភិវឌ្ឍន៍របស់ក្រសួងការពារជាតិ និងខាងលិចទល់នឹងភ្នំ។ ដីនេះជាដីស្ថិតក្នុងដីព្រៃរិចរិល នៃគម្របព្រៃឈើឆ្នាំ២០០២ របស់រដ្ឋបាលព្រៃឈើ ទីតាំងនេះសម្បូរទៅដោយខ្សែរអូរកាត់ដីជាច្រើន ដែលជាប្រភពស្រោចស្រពយ៉ាងសំខាន់ ជាដីមានសណ្ឋានទួលជំរេលខ្ពស់ល្មម មិនលិចទឹក និងដីមានជីជាតិល្អបង្គួរ អំណោយផលសម្រាប់ដំណាំដូចជា ដំឡូងមី ស្វាយ ស្វាយចាន់ទី ក្រូច ដូង ឬដំណាំឈើហូបផ្លែ និងដំណាំយុទ្ធសាស្ត្រផ្សេងៗទៀត។
ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា រដ្ឋបាលខេត្ត ដែលមានមន្ទីររៀបចំដែនដី និងការិយាល័យភូមិបាលស្រុកជាសេនាធិការ បានចុះពិនិត្យសិក្សាទីតាំងដី ប្រមូលទិន្នន័យ រៀបចំផែនទី និងចុះកំណត់ឈូសឆាយព្រំឃ្លុំទីតាំងដីទាំងមូល ដើម្បីសិក្សាផលប៉ះពាល់។ ក្នុងនោះយើងបានគ្រប់គ្រងស្ថានការណ៍ និងឈូសឆាយទម្រង់ផ្លូវ ៨ខ្សែ ទំហំ១៥ម៉ែត្រ ប្រវែងសរុប ៣០គីឡូម៉ែត្រ ដោយពុំទាន់មានពាក្យបណ្តឹង ឬការតវ៉ាពីភាគីប្រឆាំងណាមួយឡើយ។ ជាមួយគ្នានោះ ឯកឧត្តមបានគោរពស្នើសុំគោលការណ៍ ដោះស្រាយដីសម្បទានសង្គមកិច្ចដែលមានស្រាប់ ជូនបងប្អូនអតីតយុទ្ធជន ដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ទាំង៦៤៨គ្រួសារ ក្នុងមួយគ្រួសារ ១,៥ហិកតា។
ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ ស្តីពីការធ្វើបច្ចុប្បន្នភាព និងការដោះស្រាយដីសម្បទានសង្គមកិច្ច បានជាលទ្ធផលដីជូនអតីតយុទ្ធជនក្នុងខេត្តរួចមក, ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តគិតគូរអំពីសុខទុក្ខ និងដោះស្រាយការលំបាកខ្វះខាត ដល់បងប្អូនអតីតយុទ្ធជនរបស់យើង នាពេលកន្លងមកនេះ។
មានប្រសាសន៍ ទៅកាន់អង្គប្រជុំ ឯកឧត្តមបានឯកភាព តាមសំណើរបស់ឯកឧត្តមអភិបាលខេត្ត ដោយដោះស្រាយដីសម្បទានសង្គមកិច្ចដែលមានស្រាប់ ជូនបងប្អូនអតីតយុទ្ធជន ដែលអត់ដី អត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ទាំង៦៤៨គ្រួសារ ដោយក្នុងមួយគ្រួសារ ឯកភាពផ្តល់ដីជូន១,៥ហិកតា។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកយើងបានផ្តល់ដី ផ្តល់ផ្ទះ ជូនអតីតយុទ្ធជន និវត្តន៍ជន បានចំនួន១៧៦គ្រួសាររួចមកហើយ និងបន្តធ្វើការគ្រប់គ្រងដោះស្រាយដីសម្បទានសង្គមកិច្ចលើបីទីតាំងបន្ថែមទៀត ដែលរងការរំលោភបំពានឱ្យបានរួចរាល់។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តពោធិ៍សាត់។ ឯកឧត្តម ក៏បានជម្រុញឱ្យ ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយខិតខំបើកប្រាក់បេឡាមរណៈជូនគ្រួសារសព អតីត យុទ្ធជន ឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តពោធិ៍សាត់ មានចំនួន៤,២៦៥នាក់ ក្នុងនោះ ជនពិការ១,៤៣០នាក់, និវត្តជន១,១១៦នាក់, ជនបាត់បង់សមត្ថភាពការងារ៦៤នាក់, គ្រួសារពលី ១,៤៩១នាក់ និងគ្រួសារមរណៈ១៦៤នាក់។ សមាគមបានសង់ផ្ទះជូនអតីតយុទ្ធជន ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ បានចំនួន១២៩ខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារសព ក្នុងឆ្នាំ២០២០ បាន៧២សព៕
Ti Amo (ពស)