(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានស្នើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋដែលមានរឿងក្តីទាំងអស់ សូមសម្តែងការពិត និងបង្ហាញភាពស្មោះត្រង់ ដោយប្រកាន់យកភាពយុត្តិធម៌ ដើម្បីងាយស្រួលក្នុងការសម្រេច ឬដោះស្រាយផ្តាច់ក្តី ពាក់ព័ន្ធនឹងក្តីកង្វល់ទាំងឡាយទាំងពួងរបស់បងប្អូន ដែលមិនទាន់ស្រឡះអារម្មណ៍ ស្រឡះចិត្ត ក្នុងជីវរភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមអភិបាលខេត្ត បានស្នើបែបនេះ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសទទួលសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នេះគឺជាទម្លាប់នៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ ឯកឧត្តមតែងតែជួបជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់។ ថ្វីត្បិតទីនេះ នៅក្នុងសាលាខេត្តក៏ពិតមែន ប៉ុន្តែឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២៖ គឺទី១-ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅលើផ្លូវច្បាប់, ទី២-ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយ ក្នុងគ្រួសារបងប្អូនពុកម៉ែប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីងាយស្រួលក្នុងការសម្រេច ឬដោះស្រាយផ្តាច់ក្តី ពាក់ព័ន្ធនឹងក្តីកង្វល់ទាំងឡាយទាំងពួងរបស់បងប្អូន ដែលមិនទាន់ស្រឡះអារម្មណ៍ ស្រឡះចិត្ត ក្នុងជីវរភាពរស់នៅប្រចាំថ្ងៃ ឯកឧត្តមសូមស្នើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋដែលមានរឿងក្តីក្តាំទាំងអស់ សូមសម្តែងនូវការពិត បង្ហាញភាពស្មោះត្រង់ និងប្រកាន់យកនូវភាពយុត្តិធម៌ «បើអត់គឺប្រាប់ថាអត់ អ្នកបំពានគេគឺត្រូវប្រាប់ដោយត្រង់ អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ ទាំងនេះគឺជាសេចក្តីសុខ និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរយើង»។
ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ប្រទេសជាតិមានច្បាប់ ហើយច្បាប់មនុស្ស គឺមាននៅក្នុងការអនុវត្តលើជីវភាពរស់នៅប្រចាំថ្ងៃ ដោយឡែកច្បាប់កម្មពារក៏មានដែរ គឺសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ត្រូវចាំថាយើងយកដីគេ ពេលនោះគេនឹងខឹងយើង ចុះបើគេយកដីយើង តើយើងខឹងគេដែរឬក៏អត់? ត្រង់ចំណុចនេះសូមបងប្អូនពុកម៉ែប្រជាពលរដ្ឋពិចារណា កុំបំពានគ្នា និងកុំបន្តរំលោភសិទ្ធិគ្នា។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ អ្វីដែលយើងបំពានគេ ពេលនោះគឺមានតែខាតបង់ពេលវេលា ប្រាក់កាក់ដោយឥតប្រយោជន៍ និងបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ ក្រោយពេលដែលយើងជួបគ្នាហើយនេះ សូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ បោះបង់ចោលនូវរឿងរ៉ាវទាំងអស់ ដោយរួមគ្នាកសាងអំពើល្អ សាបព្រោះនូវសេចក្តីល្អ ពូជល្អ និងទង្វើរល្អ ដើម្បីសន្សំយកផលបុណ្យទៅថ្ងៃអនាគត។
ផ្អែកតាមការសម្របសម្រួល រយៈពេលជិត៧ម៉ោង ពោលគឺចាប់ពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៣ និង០០នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន រួមជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធ បានដោះស្រាយសំណុំរឿង ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន៣៤ករណី ដែលក្នុងនោះមាន៖ បញ្ហាទំនាស់ដីធ្លី ទំនាស់ក្រុមគ្រួសារ បញ្ហាឆបោក-លួច បញ្ហាប្រវ៉ាស់គោ-ក្របី បញ្ហាកម្ចីប្រាក់ ទំនាស់ដីកេរ្តិ៍ និងទំនាស់ក្នុងវត្តអារាម…។ល៕
Ti Amo (ពស)