រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ទឹកស្ទឹងពោធិ៍សាត់ ចាប់ផ្តើមស្រកហើយ, លោកប្រធានមន្ទីរធនធានទឹកអះអាងថា ស្ថានភាពទឹកនឹងឈានទៅរកលក្ខណៈធម្មតាវិញ នាល្ងាចនេះ

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ បានចាប់ផ្តើមស្រកចុះ ០.១៤ម៉ែត្រ (លើកម្ពស់ ៥.២០ម៉ែត្រ) ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ ហើយនឹងឈានទៅរកលក្ខណៈធម្មតាវិញ នាល្ងាចនេះផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ។

លោកប្រធានមន្ទីររូបនេះ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៥.០៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៣.៤០ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.២៧ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ (ស្ទឹងអារ៉ៃ) ចាប់ផ្តើមស្រក ០.៧៨ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ ចាប់ផ្តើមស្រកបាន ០.១៤ម៉ែត្រ (លើកម្ពស់ ៥.២០ម៉ែត្រ)។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ជាលើកទី២ ក្រោយពីទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។

ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕

Ti Amo (ពស)

អត្ថបទទាក់ទង