រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

បញ្ហាប្រឈមកាន់តែថយចុះ, អភិបាលខេត្តពោធិ៍សាត់ បានផ្លាស់ប្តូរ ពីការដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ មកដោះស្រាយ២សប្តាហ៍ មួយ១ដង ដោយថ្ងៃនេះដោះស្រាយបាន៣៣ករណី (Video inside)

  • 1.4ពាន់
  • ដោយ Admin
https://youtu.be/aZNsLAIgONw

(ពោធិ៍សាត់)៖ ថ្លែងក្នុងវេទិកាសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ដូចសព្វមួយដង, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពីមុនយើងដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែឥឡូវនេះយើងដោះស្រាយ២សប្តាហ៍ មួយ១ដង នេះដោយសារតែជម្លោះ ក៏ដូចជាបញ្ហាប្រឈមកាន់តែថយចុះ។

ឯកឧត្តមបានថ្លែងបែបនេះ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ , លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលឯកឧត្តមតែងតែជួបជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយនាពេលនេះ។ យន្តការដែលយើងកំពុងតែដើរនេះ គឺជាយន្តការវេទិកាសាធារណៈ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាពរស់នៅជាក់ស្តែង។ ជានិច្ចជាកាល ឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១-ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅលើផ្លូវច្បាប់ និងទី២-ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីងាយស្រួលក្នុងការសម្រេច ឬដោះស្រាយផ្តាច់ក្តីពាក់ព័ន្ធនឹងក្តីកង្វល់ទាំងឡាយទាំងពួង ឯកឧត្តមសូមស្នើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋដែលមានរឿងក្តីក្តាំទាំងអស់ សូមមានឆន្ទះបញ្ចប់ក្តី និងបង្ហាញភាពស្មោះត្រង់ ដោយប្រកាន់យកភាពយុត្តិធម៌។ ជាមួយគ្នានោះ ត្រូវមានការលើកលែងឱ្យគ្នា ការយោគយល់អធ្យាស្រ័យគ្នា ការសណ្តោសប្រណីគ្នាទៅវិញទៅមក ក្នុងឋានៈជាសមាជិក និងក្នុងឋានៈជាសាច់ញាតិសណ្តានគ្រួសារ ដែលមានឈាមជ័រជនជាតិតែមួយ។

ឯកឧត្តមបានលើកឡើងថា យើងមានថ្ងៃនេះ យើងបានជួបជុំគ្នានាពេលនេះ គឺដោយសារតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសន្តិភាពជាម្លប់ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសជ្រកកោណ ដូច្នេះយើងអាចនិយាយបានថាសន្តិភាព គឺមានតម្លៃស្មើនឹងជីវិត។

ឯកឧត្តមបានបន្ថែមថា «ប្រសិនបើជាយើងខុសទាស់ទែងគ្នាតិចតួច ដោយសារតែជំពាក់បំណុល ការសងយឺត ឬដោយសារតែព្រំដីតិចតួច យើងបំពានគ្នា និងការឈ្លោះប្រកែកគ្នានោះ យើងអាចសុំទោសគ្នា និងអាចលើកលែងឱ្យ ដោយទទួលយកទាំងសង្ខាង នោះជាភាពត្រឹមត្រូវបំផុតរបស់ជនជាតិយើង»។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា «ការប្តឹងផ្តល់គ្នា ពុំមាននរណាកើតជាមហាសេដ្ឋីទេ គឺមានតែការសៅហ្មង ការខូចខាតបាត់បង់ពេលវេលា ក្នុងការរកស៊ីទទួលទានតែប៉ុណ្ណោះឯង ហើយមិនតែប៉ុណ្ណោះរហូតទៅដល់បាត់បង់នូវសុខភាព និងបាត់បង់ទាំងកិត្តិយសទៀតផង»។  ក្រោយពេលដែលយើងជួបគ្នាហើយនេះ សូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ បោះបង់ចោលនូវរឿងរ៉ាវទាំងអស់ ដោយរួមគ្នាកសាងអំពើល្អ សាបព្រោះនូវសេចក្តីល្អ ពូជល្អ និងទង្វើរល្អ ដើម្បីសន្សំយកផលបុណ្យទៅថ្ងៃអនាគត។

ផ្អែកតាមការសម្របសម្រួល រយៈពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ២៖៣០នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន រួមជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយសំណុំរឿងផ្សេងៗគ្នា ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន៣៣ករណី និងបានបន្តផ្តល់ស្បៀងជូនជនចាស់ជរា គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ បានមួយចំនួន នៅសាលាខេត្តផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង