(ពោធិ៍សាត់)៖ ឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងប្រតិភូជាច្រើននាក់ទៀត នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលកំពុងត្រូវការស្បៀងសង្គ្រោះបឋមជាចាំបាច់ ក្នុងអំឡុងជំនន់ទឹកភ្លៀង ចំនួន៥០០គ្រួសារ នៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម អ៊ុយ សំអាត បាននាំយកនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែនឹកគិតដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសប្រជាពលរដ្ឋ ដែលងាយទទួលរងគ្រោះផ្សេងៗ។ ថ្នាក់ដឹកនាំទាំងពីរបន្ថែមថា ដូចជាពេលនេះជាដើម ដោយសម្តេចបានចាត់ឱ្យក្រុមការងាររបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននាំយកអំណោយមនុស្សធម៌ មកចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលកំពុងត្រូវការស្បៀងសង្គ្រោះបឋមជាចាំបាច់ ក្នុងអំឡុងជំនន់ទឹកភ្លៀង និងត្រូវជួយដោះស្រាយឱ្យបានឆាប់រហ័ស ដោយមិនទុកឱ្យពួកគាត់អត់បាយហូបនោះឡើយ។
ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា ទីណាមានការលំបាក ទីនោះ តែងតែមានកាកបាទក្រហមកម្ពុជានៅចាំបម្រើ ចាំសង្រ្គោះ ជូនប្រជាពលរដ្ឋជានិច្ច ហើយកាកក្រហមកម្ពុជា ធ្វើការបម្រើវិស័យមនុស្សធម៌នេះ ដោយភាពស្មោះត្រង់មិនលំអៀង ឬប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរអ្វីឡើយ ឱ្យតែប្រជាពលរដ្ឋមានទុក្ខលំបាក មានជីវភាពក្រីក្រ គឺកាកបាទក្រហមកម្ពុជា ត្រូវតែជួយចែកស្បៀងជានិច្ច។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ទៀត។ ខេត្តបាននឹងកំពុងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ចលនាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗយុវជនគ្រប់អង្គភាព បែងចែកកម្លាំងគ្នាចុះអន្ដរាគមន៍ ជួយទប់ទឹក ជន្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព និងនាំយកស្បៀងទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងលិចលង់គ្រប់ទីកន្លែង។
បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា កម្ពស់ទឹកសឹ្ទងពោធិ៍សាត់បានស្រកចុះមកនៅត្រឹម ៤.៨១ ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), សឹ្ទងក្រវាញនៅត្រឹម ៣.១០ ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងនៅស្ទឹងវាលវែងវិញនៅត្រឹម ១.២១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)តែប៉ុណ្ណោះ។ នៅថ្ងៃនេះ ឬនៅថ្ងៃស្អែក កម្រិតទឹកស្ទឹងទាំងបីខាងលើនឹងបន្តស្រកចុះបន្ថែមទៀត។ តែទោះជាយ៉ាងណា អាជ្ញាធរខេត្តពោធិ៍សាត់បានអំពាវនាវជាប្រចាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះបញ្ហាភ្លៀងធ្លាក់ បញ្ហាទឹកជំនន់ និងទ្រព្យសម្បត្តិ សត្វចិញ្ចឹមរបស់ខ្លួន៕
Ti Amo (ពស)