រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម​​ ម៉ៅ​ ធនិន​ និង​ឯកឧត្តម​ ឌី​ វិជ្ជា​ នាំយក​អំណោយ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចែក​​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយជំនន់​ទឹកភ្លៀង​ ក្នុង​ក្រុង​ពោធិ៍សាត់​

  • 1.2ពាន់
  • ដោយ Admin

(​ពោធិ៍សាត់​)៖ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ពោធិ៍សាត់​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ​ នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ បាន​អញ្ជើញ​​ចុះ​សួរសុខទុក្ខ​ និងនាំយក​អំណោយរបស់​សម្តេច​តេ​ជោ​ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់ទឹកភ្លៀង ​ចំនួន​៤​សង្កាត់​ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ រួមមាន​សង្កាត់​រលាប​ សង្កាត់​ព្រៃ​ញី​ សង្កាត់​លលកស​ និង​សង្កាត់​ស្វាយ​អាត់​។​

​គេសង្កេតឃើញមានវត្តមាន​ចូលរួម​ក្នុង​ឱកាស​នោះ រួមមាន​ ឯកឧត្តម​តំណាងរាស្ត្រ​ ក្រុមប្រឹក្សា​ខេត្ត​ អភិបាលរង​ខេត្ត​ ស្នងការ​នគរបាល​ខេត្ត​ អភិបាលក្រុង​ពោធិ៍សាត់​ លោក​ប្រធាន​ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ក្រុម​យុវជន​ខេត្ត​ និង​មន្ត្រីរាជការ​ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​រូប​ទៀត​។​

​ឯកឧត្តម​ ម៉ៅ​ ធនិន​ និង​ឯកឧត្តម​ ឌី​ វិជ្ជា​ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ក្នុង​សង្កាត់​ចំនួន​៤ ​ដែល​រង​គ្រោះ​ដោយសារ​ជំ​នន់​ទឹកភ្លៀង​ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់​ ដែល​កំពុង​ត្រូវការស្បៀងជាចាំបាច់ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន ​អង្ករ​១០​គីឡូក្រាម​ មី​១​កេស​ ទឹកស៊ីអ៊ីវ ឬទឹកត្រី​១​យួរ​។ ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ថា​ សម្ភារៈទាំងអស់នេះ ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្តិ​ត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កា​កក​បាទ​ក្រហម​កម្ពុជា​។​

​ថ្នាក់ដឹកនាំទាំង២​ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សួរសុខទុក្ខ ​ពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្តិ​ត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ដោយ​បាន​ចូលរួម​សោកស្តាយ​ ចំពោះ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ និង​ដំណាំ​កសិកម្ម​មួយ​ចំនួន ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នា​ពេលកន្លងមក​នេះ។​

​ជាមួយគ្នា​នោះ​ ថ្នាក់ដឹកនាំ​ទាំង​ពីរ ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការ​អនាម័យ​ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ និង​សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ធម្មជាតិ​នេះ​ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ដល់​ការ​ថែទាំ​កុមារ​តូចៗ ​កុំឱ្យ​លេង​ទឹក​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ និង​ខូចខាត​ ទ្រព្យសម្បត្តិ​ជាយថាហេតុ​។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ៕​

Ti Amo (ពស)

អត្ថបទទាក់ទង