រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវចែកជូនប្រជាពលរដ្ឋ១០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

  • 542
  • ដោយ Admin

(ពោធិ៍សាត់​)៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និងឯកឧត្ដម​​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្ត​ពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បាន​​ចុះ​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់ ចំនួន​១០០​ គ្រួសារ​ នៅបរិវេណសាលាឆាន់វត្តស្បូវរីក ស្ថិតក្នុងឃុំ​លាច​ ស្រុក​ភ្នំក្រវាញ​ ខេត្ត​ពោធិ៍សាត់​។ គ្រឿង​ឧបភោគ​បរិភោគ​នា​ថ្ងៃ​នេះ​ មានការ​ចូលរួម​ចំណែក​ពី​​សមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា​ ផង​ដែរ​។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ពាំនាំ​នូវ​សេចក្ដី​​សួរ​សុខទុក្ខ​ ការ​អាណិត​អាសូរ​ និង​ការ​សោកស្ដាយរបស់​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន​ចំពោះ​បងប្អូន​​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ទាំង​មូល​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ភ្នំក្រវាញ​​ ហេីយ​ដែល​ស​ម្តេច​ទាំង​ទ្វេ​ រមិន​ដែល​បោះ​បង់​បង​ប្អូន​ជន​រួម​ជាតិ​ណា​ម្នាក់​ឡើយ​។

ឆ្លៀតឱកាសមុននឹងចែកអំណោយខាងលើ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ និងឯកឧត្ដម​​ ម៉ៅ​ ធនិន ក៏បានចូលរួម​ចែក​អំណោយ​ជាមួយ​កាកបាទក្រហម​កម្ពុជា​ ដឹកនាំ​ដោយ​ ឯកឧត្តម​ អ៊ុយ​ សំអាត​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ នៃ​កាកបាទក្រហម​កម្ពុជា​ តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំ​បាក់​ចិញ្ចៀន​ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ៕​

Ti Amo (ពស)

អត្ថបទទាក់ទង