រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១៥៥គ្រួសារបន្ថែមទៀត នៅខេត្ដពោធិ៍សាត់ ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

  • 812
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបន្តផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ១៥៥គ្រួសារទៀត រស់នៅភូមិចំនួន៧ ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចុះជួយ និងផ្ដល់អំណោយ សម្រាលការលំបាកដោយផ្ទាល់ លោកបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសូមចូលរួមការសោក ស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងសារអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ៖

  • សូមគិតគូរពីសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។
  • សូមគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។
  • សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមធម្មតាបែបគន្លងថ្មី។
  • សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីកជាដើម។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប៕

Ti Amo (ពស)

អត្ថបទទាក់ទង