(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារម៉ូតូឌុប និងគ្រួសារតាក់ស៊ី ព្រមទាំងប្រជាពលរដ្ឋមួយចំនួន ក្នុងខេត្តពោធិ៍សាត់ សរុបប្រមាណជាង២ពាន់នាក់ ក្នុងអំឡុងជំនន់ទឹកភ្លៀង នៅពហុកីឡដ្ឋានខេត្ត និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើការសាកសួរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានចូលរួមសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ និងដំណាំកសិកម្មមួយចំនួន ដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនេះ។ ជាក់ស្តែងនាថ្ងៃនេះ ដោយមើលឃើញពីតម្រូវការស្បៀងជាចាំបាច់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនបងប្អូនយើង ដែលក្នុងនោះមានគ្រួសារម៉ូតូឌុប និងគ្រួសារតាក់ស៊ី ព្រមទាំងប្រជាពលរដ្ឋមួយចំនួន សរុបប្រមាណជាង២ពាន់នាក់ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេស និងទឹកស៊ីអ៉ីវ៣ដប។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់ខ្ជាប់នូវការអនាម័យ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕
Ti Amo (ពស)