រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន៖ «នៅពេលយើងក្រ យើងប្រឹងឱ្យមាន ហើយនៅពេលដែលយើងមាន យើងត្រូវប្រឹងជួយអ្នកក្រ» (Video inside)

  • 1.3ពាន់
  • ដោយ Admin
https://youtu.be/7fez5oczhr8

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់ សម្រាប់មនុស្សជាតិយើងគ្រប់ៗរូប។ ត្រូវចងចាំថា «នៅពេលយើងក្រ យើងប្រឹងឱ្យមាន ហើយនៅពេលដែលយើងមាន យើងត្រូវប្រឹងជួយអ្នកក្រ» ទាំងនេះគឺជាកាត្វកិច្ចរបស់គ្រួសារយើង ដើម្បីជួយឱ្យសង្គមជាតិរីកចម្រើនថ្កុំថ្កើងទៅមុខ។

ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ផ្តល់ជូនក្រុមគ្រួសារគ្រូបង្រៀន និងបុគ្គលិកអប់រំ ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ១ពាន់នាក់ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរ និងបារម្ភពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ។

ឯកឧត្តមបានថ្លែងថា ក្នុង​គ្រា​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ការ​លំបាក ​ដោយ​សារ​ការ​រីករាលដាល​នៃ​ជំងឺកូវីដ១៩ (Covid-19) ជាពិសេសបញ្ហាចំពោះនៅមុខដែលទើបតែកើតមានថ្មីៗ គឺជំនន់ទឹកភ្លៀងនោះ, ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូ​ អ្នកគ្រូ ដែល​បានចំណាយពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ​ជួយ​ក្រសួង​អប់រំ យុវជន និងកីឡា និងសិស្សានុសិស្ស ក្នុងការបង្រៀនវគ្គសិក្សាបំប៉នដោយឥតគិតថ្លៃ និង​​ថត​វីដេអូ​មេរៀន​ ​សម្រាប់​ការ​សិក្សា​តាមOnline ជូនក្មួយៗសិស្សានុសិស្សគ្រប់កម្រិត។

ឯកឧត្តមបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់យើងមួយទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត ជាពិសេសខេត្តដែលទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានបន្ថែមថា ទាំងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំក្នុងខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានខិតខំទាំងយប់ ទាំងថ្ងៃក្នុងការទប់ទល់ ទឹកជំនន់ និងជួយសង្គ្រោះ ក៏ដូចជាការគៀងគររកមូលនីធិសប្បុរសធម៌ នាំយកអំណោយរួមទាំងសម្ភារៈ ចែកជូនដល់ប្រជាពលរដ្ឋយើង។

ឯកឧត្តម ម៉ៅ ធនិន ក៏បានអំពាវនាវដល់មហាគ្រួសារគ្រូបង្រៀន និងបុគ្គលិកអប់រំទាំងអស់ ក្រោយពីទឹកស្រកវិញ ត្រូវរួមគ្នាទប់រក្សាទឹកទុក នៅតាមប្រឡាយមេ ប្រឡាយរងស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ សម្រាប់ឱ្យបងប្អូនយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផល នៅរដូវប្រាំងខាងមុខ។ ជាមួយគ្នានោះត្រូវថែរក្សាសុខភាព ដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត និងត្រូវប្រយ័ត្នក្មេងតូចៗលង់ទឹក ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍ពីវិធានការការពារជំងឺកូវីដ១៩។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង