រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ដំណាំស្រូវជិត៤ម៉ឺនហិកតា នៅខេត្តពោធិ៍សាត់ រងការប៉ះពាល់ដោយទឹកជំនន់, រដ្ឋមន្ដ្រីកសិកម្ម ចុះចែកពូជស្រូវ ដើម្បីស្ដារសន្ដិសុខស្បៀងឡើងវិញ

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកពូជស្រូវ ចំនួន២៩.២តោន និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនប្រជាកសិករចំនួន៣០៩គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលរងគ្រោះដោយសារទឹកជំនន់។

បើតាមលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ឥទ្ធិពលនៃជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ក្នុងស្រុកចំនួន៤ឃុំ ចំនួន៣៤ភូមិចំនួន ២៩៥ និងមាន១៨,៧៥៨គ្រួសារ រងផលប៉ះពាល់។

គិតមកដល់ថ្ងៃទី២៨ ខែតុលា ដំណាំស្រូវរងនូវផលប៉ះពាល់សរុបមានចំនួន ៣៦,០៦៩ហិកតា មានស្រូវស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ ហើយក្នុងនោះ ផ្ទៃដីដំណាំស្រូវខូចខាតសរុប មានចំនួន ២០,៤១២ហិកតា។ ចំពោះដំណាំរួមផ្សំ មានផ្ទៃដីប៉ះពាល់សរុបចំនួន ១០,១០៧ហិកតា ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ២,៥១៤ហិកតា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងការ ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ សត្វពាហនៈ ជាមួយបងប្អូនប្រជាកសិករ ដែលទទួលរងគ្រោះនៅទូទាំងខេត្ត និងជាពិសេសបងប្អូនក្នុងស្រុកបាកាន។ ឯកឧត្តមនឹងខិតខំយកអស់កម្លាំងកាយចិត្ត ចូលរួមស្តារផលិតកម្មស្បៀង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់ ក្រោយពេលទឹកស្រកចុះ។

ឯកឧត្តមអភិបាលខេត្ត ក្នុងនាមឱ្យអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលបាននាំយកពូជស្រូវ ជាអំណោយរបស់សម្តេចតេជោ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រឿងឧបភោគ បរិភោគមកចែកជូនបងប្អូនប្រជាពលរដ្ឋ ស្រុកបាកានផ្ទាល់តែម្តង។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តពោធិ៍សាត់ ហើយសម្តេចក៏បានជូនពរ ឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឱ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះ។

ដោយទទួលបានបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយ រួមមានពូជស្រូវ កូនត្រីអណ្តែង និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត មកចែកជូនបងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើងវិញ។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកក្រុមអន្តរាគមន៍ភ្ជួររាស់ និងម៉ាស៊ីនព្រួសគ្រាប់ស្រូវ មកជួយស្តារដំណាំស្រូវជូនបងប្អូនកសិករឡើងវិញផងដែរ។

ភ្ជាប់ទៅនឹងម៉ាស៊ីនព្រោះគ្រាប់ស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចតេជោដែលបានជួយឧបត្ថម្ភម៉ាស៊ីនព្រួសស្រូវ ចំនួន១៥០គ្រឿងបន្ថែមទៀត និងលើកមុនចំនួន១៣០គ្រឿង សម្រាប់យកមកជួយសហគមន៍កសិកម្ម នៅខេត្តគោលដៅទាំង៣ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។

ផែនការចំពោះមុខ ក្រោយពេលទឹកស្រក ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត គាំទ្រ និងជំរុញឱ្យប្រជាកសិករ ចាប់ផ្តើមស្តារផលដំណាំឡើងវិញ តាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ហើយក្រសួងនឹងរង់ចាំផ្តល់អន្តរាគមន៍ គ្រប់ពេលវេលាជាគ្រាប់ពូជ គ្រឿងចក្រ បច្ចេកទេស និងធាតុចូលកសិកម្មសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ គិតជាទឹកប្រាក់ចំនួន ២២,៦២០ដុល្លារ។ កាយវិការសប្បុរសធម៌ គឺជាសន្តានចិត្តជួយចែករំលែកសុខទុក្ខ និងស្មារតីសាមគ្គីភាពដ៏ប្រពៃ និងសហការជួយឧបត្ថម្ភគាំទ្រគ្នាគ្រប់កាលៈទេសៈក្នុងគ្រាលំបាក។

ក្នុងចំណោម ៣០៩គ្រួសារ មាន២៧១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ និង៣៨គ្រួសារទៀត ទទួលបាន ៥០គីឡូក្រាម ក្នុងមួយគ្រួសារ (ទៅតាមទំហំដី)។ ក្រៅពីពូជស្រូវ ទាំង៣០៩គ្រួសារ គ្រួសារនីមួយៗទទួលបានអង្គរ ២៥គីឡូក្រាម សាច់ក្រក ១គីឡូក្រាម មី១កេះ ទឹកស៊ីអីវ ១យួរ និងទឹកត្រី១យួរ។

ក្នុងថ្ងៃដដែលនេះ ឯកឧត្តម វេង សាខុន និងក្រុមការងារ ក៏បានមកជួបសំណេះសំណាល និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹម មួយចំនួនទៀត ជូនកសិករចំនួន៥៥គ្រួសារ ដែលពិធីនេះបានរៀបចំនៅបរិវេណសាលាបឋមសិក្សារបោះរាំង ក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានណែនាំអ្នកទទួលអំណោយនាថ្ងៃនេះ ត្រូវយកទៅចិញ្ចឹម មើលថែទាំឱ្យបានល្អ ដើម្បីទទួលបានផលត្រី យកមកផ្គង់ផ្គង់ក្នុងគ្រួសារ ឬអាចផ្តត់ផ្គង់ឲ្យទីផ្សារ។ ក្រៅពីការងារចិញ្ចឹមត្រី បងប្អូនពូមីងគួរដាំដំណាំរួមផ្សំបន្ថែមទៀតកុំទុកដី និងពេលវេលាឱ្យនៅទំនេរ ដើម្បីចូលរួមធានាសន្តិសុខស្បៀងក្នងគ្រួសារ ក៏ដូចជាក្នុងសង្គម ដោយសារនៅតំបន់មួយចំនួនផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនទៀតត្រូវបានបំផ្លាញដោយគ្រោះទឹកជំនន់ ហើយជាក់ស្តែងនៅខេត្តពោធិ៍សាត់នេះតែម្តង។

កសិករចិញ្ចឹមត្រីអណ្តែង ៥៥គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ក្បាល ចំណី៤បាវ និងតង់១ ថ្នាំវីតាម៉ីន៣កញ្ចប់ និងថវិកា២០,០០០រៀល៕

អត្ថបទទាក់ទង