(ពោធិ៍សាត់)៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ច រៀបចំពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រក។
ពិធីសំណេះសំណាល និងចែកពូជស្រូវខាងលើ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារទៀត។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០កន្លងទៅ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរួមមាន៖
១-អំពីផលប៉ះពាល់៖ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩.១៧៣គ្រួសារ, ខ្នងផ្ទះចំនួន២៤.៧៧២គ្រួសារ, ស្រ្តីចំនួន៥៤.៦៤៤នាក់, ស្រូវចំនួន៣៥.៩៤៣ហិកតា, ដំណាំកសិឧស្សាហកម្មចំនួន៣.៨១៦ហិកតា, ដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន៦.២៨០ហិកតា, ទឹកលិចផ្លូវ (ផ្លូវកៅស៊ូ, គ្រួសក្រហម និងផ្លូវដីស) សរុបប្រវែង ៣៣៦.៥៨៨ម៉ែត្រ, សាលាចំនួន២៦សាលា, វត្តអារាមចំនួន៣៣វត្ត, មណ្ឌលសុខភាពចំនួន៣មណ្ឌល, ប្រឡាយមេ និងប្រឡាយរងប្រវែង ៤០.១៣០ម៉ែត្រ, ទំនប់ប្រវែង៣.៥០០ម៉ែត្រ, អណ្តូងលិចទឹកចំនួន៤៨៩អណ្តូង, បង្គន់លិចទឹកចំនួន៣០.២៨០បង្គន់, ជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពចំនួន៤០ទីទួល ស្មើនឹង ១.៩១១គ្រួសារ, ក្រុង ស្រុក ចំនួន៤ ស្មើនឹង ១៧ឃុំ-សង្កាត់ ប៉ះពាល់សត្វគោ ក្របីសរុបចំនួន១៧.៧៤៦ក្បាល និងលង់ទឹកស្លាប់ចំនួន០៦ នាក់។
២-អំពីការខូចខាត៖ ស្រូវខូចខាតទាំងស្រុងចំនួន១០.៥៤៥ហិកតា, ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន២.៥១៤ហិកតា, ខូចផ្លូវ និងដាច់ផ្លូវ (ផ្លូវកៅស៊ូ, គ្រួសក្រហម និងផ្លូវដីស) ចំនួន៣៤១ខ្សែ សរុបប្រវែង១៦៨.៦៥៧ម៉ែត្រ, ខូចស្ពានចំនួន២០កន្លែង, បាក់ទំនប់០៩កន្លែង, ខូចលូចំនួន២៤កន្លែង, បាក់ភ្លឺប្រឡាយមេចំនួន០៣កន្លែង, និងផ្ទះសំបែងប្រជាពលរដ្ឋ ខូចខាតទាំងស្រុងចំនួន៤៦ខ្នង (ស្រុកវាលវែង)៕
Ti Amo (ពស)