(ពោធិ៍សាត់)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូជាច្រើនផ្សេងទៀតនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានចុះទស្សនកិច្ចស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានអនុភាពសរុប៩០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឫស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀត គឺវារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង ភាគឦឥសាននៃប្រទេសកម្ពុជា។
កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់កន្លែងផលិតថាមពលអគ្គិសនីថ្មី ចំនួន២កន្លែងទៀត រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន ៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន ៩០មេហ្គាវ៉ាត់។
គម្រោងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យខាងលើ អនុវត្តដោយក្រុមហ៊ុន SCHNEITEC CO., Ltd មានផ្ទៃដីសរុប១៣៥ហិចតា សម្រាប់ប្រើប្រាស់ដាក់ផ្ទាំងសូឡា សាងសង់អគារ ផ្លូវ និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀត ដែលមានអានុភាពផលិតបច្ចុប្បន្ន៦០មេហ្គាវ៉ាត់ ដោយឡែក៣០មេហ្គាវ៉ាត់ទៀត នឹងបញ្ចប់គម្រោងនៅដើមឆ្នាំ២០២១ខាងមុខ៕