រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ម៉ៅ ធនិន៖ ក្នុងអាណត្តិនេះ ផ្លូវទាំងអស់ក្នុងឃុំអូរសោម នឹងត្រូវស្ថាបនាក្រាលកៅស៊ូ

  • 1.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្នុងអាណត្តិនេះ ផ្លូវទាំងអស់ក្នុងឃុំអូរសោម ស្រុកវាលវែង នឹងត្រូវស្ថាបនាក្រាលកៅស៊ូ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងសម្រួលដល់ការរស់នៅ របស់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលទាំងនេះយើងអាចធ្វើទៅបាន គឺដោយសារកត្តា «សន្តិភាព»។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំ ភូមិ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឃុំអូរសោម ស្រុកវាលវែង ដើម្បីណែនាំ និងដាក់ផែនការមួយចំនួន ជុំវិញការងារដឹកនាំ ការងារបង្ការ និងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងទៀតថា ស្របពេលដែលផ្លូវជាតិលេខ១០ ជាចំណងដៃដ៏អាមតៈ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់ផ្លែផ្កា ជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម តាមរយៈផ្លូវដែលតភ្ជាប់ពីចំណុចអក្សរT ក្នុងស្រុកសំឡូត ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ឆ្ពោះទៅដល់ខេត្តកោះកុងនោះ, ឯកឧត្តមក៏បានសម្រេចផ្តល់ជូនកាដូបន្ថែមថ្មីមួយទៀត ដោយស្ថាបនាតភ្ជាប់ផ្លូវពីទីប្រជុំជនឃុំអូរសោម ទៅបណ្តាភូមិនីមួយៗ ដែលមានចម្ងាយមិនលើសពី២៥គីឡូម៉ែត្រ។

ឯកឧត្តមបានជម្រាបជូនថា ប្រសិនបើប្រជាពលរដ្ឋ មិនចូលរួមការពារថែរក្សាព្រៃធម្មជាតិទាំងនោះទេ បងប្អូនមានតែខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ជុំវិញសក្តានុពលធម្មជាតិ ដែលដូនតាយើងបន្សល់ទុកឱ្យ។ ក្នុងន័យនេះ ក្នុងនាមយើងជាអាជ្ញាធរ ត្រូវពិនិត្យ និងផ្តល់លទ្ធភាពជាក់ស្តែង លើដីដែលប្រជាពលរដ្ឋអាស្រ័យផលយូរណាស់មកហើយ ដោយឡែកដីដែលកាប់រានថ្មី ត្រូវរឹបអូសយកមកវិញ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។ ជាមួយគ្នានោះ អាជ្ញាធរ ត្រូវពិនិត្យ និងកំណត់អត្តសញ្ញាណឱ្យច្បាស់ ចំពោះជនចំណាកស្រុក ដែលចូលមកកាប់ទន្ទ្រានដីព្រៃ ក្នុងដែនសមត្ថកិច្ចការពារបរិស្ថាន ហើយប្រសិនបើមានប្រជាពលរដ្ឋ ក្នុងឃុំអូរសោម ចូលរួមក្នុងសកម្មភាពល្មើសច្បាប់ខាងលើ សូមបញ្ឈប់ និងធ្វើការដកខ្លួនជាបន្ទាន់ បើពុំដូច្នោះទេនឹងប្រឈមមុខចំពោះផ្លូវច្បាប់។ ស្របពេលគ្នានោះ ឯកឧត្តមបានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹង និងអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាករណីឆក់ត្រីជាដើម ត្រូវបង្ក្រាបឱ្យខាងតែបាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន រួមដំណើរដោយលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងប្រតិភូផ្សេងទៀត បានបន្តចុះពិនិត្យការងារបង្កបង្កើនផលបន្លែសរីរាង្គ នៅកសិដ្ឋានដាំដុះបន្លែសុវត្ថិភាព របស់ក្រុមហ៊ុន ឃុត ថាន់ដា ដែលមានផ្ទៃដីប្រមាណ២០ហិកតា ស្ថិតក្នុងភូមិស្ទឹងតាចាន់លើ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង