(ពោធិ៍សាត់)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ ដើម្បីដាក់ចេញនូវវិធានការមួយចំនួន ត្រៀមបង្ការ ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។
កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោកជំទាវ ប្រតិភូថ្នាក់ជាតិ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីដែលមានការពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថាខេត្តពោធិ៍សាត់ បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា ខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៥លើក ប៉ះពាល់២៧០គ្រួសារ, គ្រោះអគ្គីភ័យ កើតឡើងចំនួន ៣៨លើក ប៉ះពាល់៣៨គ្រួសារ, ជំនន់ទឹកភ្លៀងកើតឡើងចំនួន៣លើក ប៉ះពាល់ក្រុងស្រុកចំនួន៦ ស្មើនឹង៣៤ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩,១៧៣គ្រួសារ, ប៉ះពាល់ដំណាំស្រូវចំនួន ៣៧.០៩៤ហិកតា, ខូចខាតទាំងស្រុងចំនួន១៧,២៦៨ហិកតា ក្នុងនោះបានស្តារឡើងវិញលើផ្ទៃដីសរុប១៧,៨០៤ហិកតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងនាមជាសេនាធិការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារគ្រោះមហន្តរាយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងខេត្តពោធិ៍សាត់។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ដូច្នេះថា «ដើម្បីត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា ខេត្តត្រូវធ្វើផែនការត្រៀមឲ្យបានលម្អិតជាក់ស្តែង រួមទាំងការបម្រុងទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជួយសង្គ្រោះជនរងគ្រោះជាដើម»។
បើទោះបីជាយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលក្តាប់ជាប់ និងមានផែនការក្នុងការត្រៀមបង្ការ និងឆ្លើយតបពេលមានគ្រោះមហន្តរាយនាពេលកន្លងមក។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ៕
Ti Amo (ពស)