(ពោធិ៍សាត់)៖ សំណង់អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត នៅសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសម្រួលដល់ការសិក្សា-ស្នាក់នៅ របស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅតំបន់នោះ។
តាមការប៉ាន់ប្រមាណ បច្ចុប្បន្នសំណង់នៅសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ សម្រេចបាន ក្លោងទ្វា៧០%, ទីចាត់ការ និងបណ្ណាល័យ៦០%, អគារសិក្សា៣ជាន់៥០% និងរបង៦០%។ ដោយឡែកនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ សម្រេចបាន ក្លោងទ្វា១០%, ទីចាត់ការ និងបណ្ណាល័យ៧០%, អគារសិក្សា៣ជាន់៧០%, អគារស្នាក់នៅសម្រាប់សិស្ស និងគ្រូ៧០% និងរបង៧០% ដែលនឹងឈានទៅបញ្ចប់ការស្ថាបនា នាពេលឆាប់ៗខាងមុខ។
លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានឱ្យដឹងនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សំណង់អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្តល់ជូនតាមសំណើររបស់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរស្រុក ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ចាប់ពី ខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងពិធីបើកការដ្ឋានសាសង់ផ្លូវជាតិ លេខ១០ ប្រវែង១៩៨,៧១ គីឡូម៉ែត្រ ចាប់ពី សំឡូត-វាលវែង-អូរសោម ដល់កោះកុង ដែលស្ថាបនាឡើងក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ។
លោកអភិបាលស្រុកបានបន្ថែមថា ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាដល់សាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ ១ខ្នង ៣ជាន់ មាន១៨បន្ទប់, ទីចាត់ការ បណ្ណាល័យ ១ខ្នង មាន៣បន្ទប់ ព្រមទាំងរៀបចំផ្លូវបេតុង ក្លោងទ្វារ និងរបងសាលា។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់បន្ថែមនូវអគារសិក្សាដល់វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ១ខ្នង ៣ជាន់ មាន១៨បន្ទប់, ទីចាត់ការ និងបណ្ណាល័យ ១ខ្នង មាន៣បន្ទប់, អគារស្នាក់នៅសម្រាប់សិស្ស និងគ្រូ ១ខ្នង ពីរជាន់ មាន១០បន្ទប់ ព្រមទាំងរៀបចំផ្លូវបេតុង ក្លោងទ្វារ របងសាលា និងតារាងបាល់ទះ បាល់បោះ នៅក្នុងសាលាផងដែរ។
លោក ហេង សុភាណា បន្តថា ទាំងនេះគឺសុទ្ធតែជាចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយលើកកម្ពស់វិស័យអប់រំ ក៏ដូចជាបង្ខិតសាលារៀន ឱ្យនៅកាន់តែជិតបំផុត ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេកាន់តែងាយស្រួល និងមានឱកាសនៅរៀនសូត្រ ដូចសិស្សដទៃៗទៀត សមតាមបំណងប្រាថ្នា។ លោកអភិបាលស្រុក ក៏បានស្នើឱ្យប្រជាពលរដ្ឋត្រូវរួមសាមគ្គី បន្តថែរក្សាការពារសុខសន្តិភាព ដែលមាននេះឱ្យបានគង់វង្ស ព្រោះថាសុខសន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អភិវឌ្ឍប្រទេស និងនាំឱ្យមានអ្វីៗគ្រប់យ៉ាង ជាក់ស្តែងដូចជាផ្លូវជាតិលេខ៥៥ ដែលស្ថាបនារួច និងផ្លូវជាតិលេខ១០ ដែលនឹងកំពុងស្ថាបនា ជាសក្ខីភាពស្រាប់៕
Ti Amo (ពស)