រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី , លោក គង់ ពុទ្ធីរ៉ា ជំនួសលោក ប៉ាន់ មរកត ដែលត្រូវផ្ទេរទៅបម្រើការនៅទីស្តីការក្រសួងបរិស្ថាន (Video inside)

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

យោងតាមប្រកាសរបស់ក្រសួងបរិស្ថាន លេខ០៤១ ប្រ.ក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចតែងតាំង លោក គង់ ពុទ្ធីរ៉ា ជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី និងបានផ្ទេរភារកិច្ច លោក ប៉ាន់ មរកត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។

លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលទើបនឹងទទួលបានការតែងតាំងថ្មី បានឡើងប្ដេជ្ញាចិត្ត ខិតខំធ្វើយ៉ាងណាដឹកនាំការងារក្នុងមន្ទីរបរិស្ថាន ឱ្យមានភាពរលូនជានិច្ច ទាំងការសាមគ្គីភាពផ្ទៃក្នុង ទាំងការងារការពារព្រៃឈើ និងសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភ្នំសំកុស តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់អភិរក្សផ្សេងទៀត ក្នុងដែនទទួលខុសត្រូវរបស់ខ្លួន ដើម្បីគោរពទៅតាមច្បាប់ផែនការ និងបទបញ្ជា របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ពិធីប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តនាពេលនេះ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំ និងគ្រប់គ្រងការងារបន្ត ពីប្រធានចាស់ ដែលត្រូវផ្ទេរឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ កន្លងមកនេះ មន្ទីរបរិស្ថានខេត្ត ក៏បានធ្វើការងារជាច្រើន ពាក់ព័ន្ធនឹងការងារប៉ះពាល់បរិស្ថាន ការងារបង្រ្កាបបទល្មើសព្រៃឈើ ដីធ្លី និងបទល្មើសនេសាទផងដែរ ដោយបានសហការជាមួយមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជាពិសេសក៏ធ្លាប់ទទួលបានពាន់រង្វាន់ផ្នែកសូចនាករទឹកស្អាត ពីប្រទេសក្នុងសមាជិកអាស៊ាន នៅប្រទេសប្រ៊ុយណេរផងដែរ។ លោកសង្ឃឹមថា បន្ទាប់ពីទទួលបានតំណែងពេញលេញហើយនោះ លោក គង់ ពុទ្ធីរ៉ា នឹងធ្វើជាសេនាធិការដ៏ល្អរបស់ខេត្ត ព្រមទាំងធ្វើជាមេដ៏ល្អនៅក្នុងមន្ទីរ ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា លោក គង់ ពុទ្ធីរ៉ា ជាធនធានមនុស្សមួយដ៏សំខាន់ ជាអ្នកមានចំណេះដឹង និងមានបទពិសោធន៍ការងារផ្នែកបរិស្ថានយូរមកហើយដែរ ដូច្នេះហើយទើបថ្នាក់ដឹកនាំ មើលឃើញ និងមានជំនឿទុកចិត្ត សម្រេចតែងតាំងឱ្យធ្វើជា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីដឹកនាំបន្ត។ ឯកឧត្តមផ្ដាំផ្ញើសូមឱ្យ លោក គង់ ពុទ្ធីរ៉ា ធ្វើការងារឱ្យមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឱ្យមន្ត្រីក្រោមឱវាទគោរពស្រលាញ់ ហើយត្រូវមានទំនាក់ទំនងល្អ ជាមួយមន្ទីរជំនាញ និងអង្គការជាដៃគូរ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ៕

Ti Amo (ពស)

អត្ថបទទាក់ទង