(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា ការធ្វេសប្រហែស ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ គឺមិនមែនបាត់បង់ទ្រព្យសម្បត្តិនោះទេ ផ្ទុយទៅវិញការធ្វេសប្រហែសនេះ គឺមានតែបាត់បង់អាយុជីវិត ដែលមិនអាចវិលត្រឡប់មកវិញបានឡើយ។ ដូច្នេះហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ និងបន្តការអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ, ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ការដ្ឋានទី១០ ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងទៀតថា នេះជាឱកាសដ៏ល្អមួយ ដែលឯកឧត្តមចុះមកជួបប្អូនប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ដើម្បីចង់ដឹងពីសុខទុក្ខ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ដើម្បីធ្វើការដោះស្រាយរួមគ្នា មុននឹងវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។ ឯកឧត្តមបានថ្លែងបន្ថែមថា សព្វថ្ងៃនេះការរីកអភិវឌ្ឍចម្រើនលើគ្រប់វិស័យ និងសមិទ្ធផលសម្រេចបាននៅក្នុងខេត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាផ្តល់ទីផ្សារពលកម្ម ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រោយពីស្ថានភាពជំងឺកូវីដបានធូរស្បើយ។
ជាការពិតណាស់ថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ កំពុងតែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ទាំងសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានខិតខំគ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ កុំឱ្យផ្ទុះឡើងក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំង៩៧នាក់ ត្រូវបន្តអនុវត្តនូវវិធានការរបស់សុខាភិបាលឱ្យបានហ្មត់ចត់ ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ«៣កុំ, ៣ការពារ» ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍របស់យើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បាននាំយកវត្ថុកំដរដៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន៩៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ២០គីឡូក្រាម និងទឹកស៊ីអ៊ីវ១យួរ ដោយឡែកស្ត្រីមានផ្ទៃពោះ៦នាក់ ក្នុងម្នាក់ៗបន្ថែមសារុងចំនួន៥ផងដែរ៕
Ti Amo (ពស)