រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ បាននាំយកអំណោយរបស់នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនដល់កងកម្លាំង ប្រជាការពារភូមិទាំង៨ ក្នុងសង្កាត់ព្រៃញី

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នាយប់ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ បាននាំយកអំណោយ របស់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព ទៅប្រគល់ជូនដល់កងកម្លាំង ប្រជាការពារភូមិទាំង៨ ក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដែលកំពុងឈរជើងតាមគោលដៅនីមួយៗ ក្នុងការអនុវត្តបន្ត វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

អំណោយដែលយកទៅប្រគល់ជូនគោលដៅនីមួយៗនោះ គឺបានមកតាមរយៈ លោក ឡូញ វិត អនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព អនុសាខាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់ប្អូនស្រី សៀង ទេវី កូនតាម៉ាប់ (លក់គ្រឿងសំណង់ក្រុងពោធិ៍សាត់) ក្នុងនោះរួមមាន៖ ទឹកក្រូច១កេស, មី១កេស, គោជល់កន្លះកេស, ត្រីខ១ឡូ, ទឹកសុទ្ធ២យួរ, មីឆា១ប្រអប់ធំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចលេខ ០២០/២១ សសរ ស្តីពីការបន្តដាក់វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់កូវីដ ចំនួន១សប្តាហ៍ទៀត ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖

-ផ្អាកជាបណ្តោះអាសន្ន សកម្មភាពទទួលភ្ញៀវសម្រាប់អាជីវកម្មរួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូប លក់ចល័ត ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ដែលនាំឱ្យមានមនុស្សជួបជុំក្នុងចំនួនច្រើន ត្រូវបានហាមឃាត់ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។

-ផ្អាកជាបណ្តោះអាសន្ន រាល់ការជួបជុំតាមសួន និងទីសាធារណៈ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីម៉ោង ២០និង០០នាទីយប់ រហូតដល់វេលាម៉ោង 0៥ និង០០នាទីព្រឹក។

-ផ្អាកជាបណ្តោះអាសន្ន រាល់ការលក់ដូរ និងពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។

ក្នុងករណីបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនចូលរួមអនុវត្តសេចក្តីសម្រេចនេះ ត្រូវពិន័យអន្តរការណ៍ ស្របតាមសេចក្តីសម្រេចលេខ ១៧/២១សសរ.ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង