រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លំនៅដ្ឋាន៥០ខ្នង ដែលត្រូវប្រគល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព (ក្នុងជំហាន១) នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ បច្ចុប្បន្នស្ថាបនាបាន៩០%ហើយ (Video inside)

  • 735
  • ដោយ Admin
https://youtu.be/GebllcKHzrs

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ចំនួន៧៥គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមលោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនខេត្ត បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី០១ ខែមិថុនានេះ លំនៅដ្ឋានដែលត្រូវចែកជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ក្នុងខេត្តពោធិ៍សាត់ បានសាងសង់រួច៧៧ខ្នងហើយ ក្នុងនោះយើងបានតម្លើងសូឡា បាន៤៨ផ្ទាំង, តម្លើងបង្គន់បាន៤៥បន្ទប់, ខួងអណ្តូង បាន១៦កន្លែង រួចរាល់១៣អណ្តូង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀត។ លោកប្រធានមន្ទីរបានបន្តថា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ លំនៅដ្ឋានចំនួន៥០ខ្នង នឹងត្រូវធ្វើពិធីប្រគល់-ទទួល (ជំហាន១) ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ជាផ្លូវការ ដែលបច្ចុប្បន្ននេះក្រុមការងារ បានស្ថាបនា និងរៀបចំរួចរាល់ បាន៩៥%ហើយ។

ថ្លែងនៅចំពោះមុខគ្រួសារអតីតយុទ្ធជន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានលើកឡើងថា ទីតាំងសម្បទានដីសង្គមកិច្ច (ដីកសិកម្ម និងលំនៅដ្ឋាន)ខាងលើនេះ គឺជាការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មជូនជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។ សម្ដេចទាំងទ្វេរតែងតែក្រើនរំលឹកមកអាជ្ញាធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។

ជាការពិតណាស់ថា ទីតាំងសម្បទានដីសង្គមកិច្ចនេះ ត្រូវបានប្រគល់ជូនបងប្អូនអតីតយុទ្ធជនយើងម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០x១៥០ម៉ែត្រ។ ដោយឡែកផ្ទះមានទំហំ ៥x៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកខាងក្រោយផ្ទះ ជាចង្ក្រានបាយ មានបង្គន់អនាម័យដាច់ដោយឡែក និងមានអណ្តូងទឹកជាដើម។ ជាមួយការចូលរស់នៅ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ក៏បានផ្តល់ផ្ទាំងសូឡា សម្រាប់ការប្រើប្រាស់ដាំបាយ ដាំដឹក ប្រើអំពូល និងត្រៀមរៀបចំតបណ្តាញភ្លើងរដ្ឋឱ្យបានដល់គ្រប់ខ្នងផ្ទះ។

ឯកឧត្តមបានបន្តថា បើទោះបីជាទីតាំងលំនៅថ្មី ដែលជាជម្រកកក់ក្តៅរបស់អតីតយុទ្ធជន នៅទីតាំងនេះ មិនទាន់រៀបចំរួចរាល់ជាស្ថាពរក្តី តែក៏មានគ្រួសារអតីតយុទ្ធជន បានចូលមករស់នៅ និងធ្វើការដាំដុះជាបណ្តើរៗ ជាក់ស្តែងនាថ្ងៃនេះមានចំនួន៧៥គ្រួសារ បានមកទទួលស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ការរស់នៅ ពីសំណាក់ឯកឧត្តមផ្ទាល់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស និងទឹកស៊ីអ៊ីវ១យួរ។ ការផ្តល់ជូននេះមានរយៈពេល១ឆ្នាំពេញ គឺដើម្បីធានាថា ក្រុមគ្រួសារអតីតយុទ្ធជននឹងមិនជួបការខ្វះខាតក្នុងជីវភាព ខណៈដែលពួកគាត់ កំពុងមមាញឹកក្នុងការរៀបចំផ្ទះសម្បែង និងដាំដុះដំណាំផ្សេងៗ លើដីមានអំណោយផលខ្ពស់ សម្រាប់វិស័យកសិកម្ម។ ឯកឧត្តមសូមស្នើដល់បងប្អូនពុកម៉ែដែលជាអតីតយុទ្ធ សូមស្រលាញ់អានគ្នាឱ្យដូចគ្រួសារតែមួយ និងដូចបងប្អូនរួមសមរភូមិតែមួយ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យតាមខ្នងផ្ទះ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងគោលបំណងដើម្បីពន្លឿនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ។

តំណាងអតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណមិនអាចបំភ្លេចបាន ចំពោះទឹកចិត្តសណ្តោសប្រណៃ និងការគិតគូរខ្ពស់ចំពោះអតីតយុទ្ធជនកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសន្យាខិតខំដាំដុះ បង្កបង្កើនផល និងថែរក្សាលំនៅដ្ឋាននេះតកូនតចៅ ជារៀងរហូត៕

Ti Amo (ពស)

អត្ថបទទាក់ទង