(ពោធិ៍សាត់)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចាត់តាំង ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ សាងសង់ផ្ទះ បង្គន់អនាម័យ ខួងអណ្តូងទឹក និងបំពាក់ប្រព័ន្ធសូឡាឱ្យបានឆាប់រហ័ស ក្នុងការផ្តល់ជូនគ្រួសារអតីតយុទ្ធជន ជាង៦០០គ្រួសារ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បង្កបង្កើនផលឱ្យបានឆាប់រហ័ស ខណៈរដូវវស្សាបានខិតជិតមកដល់ហើយនោះ។
ឆ្លៀតឱកាសចុះត្រួតពិនិត្យ និងពន្លឿនការសាងសង់ននេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជួបសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះ និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាព ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗនេះផងដែរ ដោយការសាងសង់នេះ បានរួចជាជំហានដំបូង ចំនួន៥០ខ្នង ហើយក្នុងចំណោមជាង៦០០ខ្នងនោះ។
គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះចំនួន៦២៨ខ្នង សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះ ចំនួន៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខ និងប្រគល់ជូនទៅតាមកាលបរិច្ឆេទបន្តបន្ទាប់ទៀត។ ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវស្បៀងអាហារមួយចំនួន ប្រគល់ជូនដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះផងដែរ។
ក្រោយទទួលបានផ្ទះ និងដីសម្រាប់បង្កបង្កើនផលនោះ បងប្អូនអតីតយុទ្ធជន ដែលភាគច្រើនជាអតីតយោធា និងនគរបាល បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងអគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយពួកគាត់បានលើកឡើងថា អំណោយរបស់សម្តេចទាំងពីរ នេះគឺប្រៀបបានដូចស្រង់ជីវិតរបស់ពួកគាត់ ឱ្យរស់យ៉ាងសុខស្រួលម្តងទៀត៕
Ti Amo (ពស)