រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្នុងស្ថានភាពកូវីដ១៩ អភិបាលខេត្តពោធិ៍សាត់ ជ្រើសរើសសំណុំរឿងដែលចាំបាច់បំផុត ធ្វើការដោះស្រាយមុនគេ ជូនប្រជាពលរដ្ឋក្នុងខេត្ត

  • 1.2ពាន់
  • ដោយ Admin
https://youtu.be/g35ic6FfHz0

(ពោធិ៍សាត់)៖ ស្ថិតក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសសំណុំរឿង ចំនួន០៧ករណី ដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើការសម្របសម្រួល និងដោះស្រាយមុនគេ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្ត។

កិច្ចដំណោះស្រាយខាងលើ ត្រូវបានអនុវត្តន៍តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយបានការចូលរួមពី លោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដែលមានការពាក់ព័ន្ធផ្សេងទៀត។

បើតាមលោក អ៊ុង ថុនា នាយករងរដ្ឋបាលសាលាខេត្ត និងជាលេខាទទួលគ្រប់គ្រងពាក្យបណ្តឹងពីប្រជាពលរដ្ឋ បានឱ្យដឹងថា បើទោះបីស្ថិតក្នុងស្ថានភាពកូវីដក៏ពិតមែន តែឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមពួកគាត់ ជាក់ស្តែងនាព្រឹកនេះ បានចំនួន០៧ករណី ដែលកិច្ចការនេះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកនាយករងរដ្ឋបាល បានបន្តថា យន្តការដែលឯកឧត្តមកំពុងតែដើរនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។

លោក អ៊ុង ថុនា បន្ថែមថា ជានិច្ចជាកាលឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១៖ ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជូនពុកម៉ែប្រជាពលរដ្ឋទៅលើផ្លូវច្បាប់ និងទី២៖ ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយ ក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។

ប្រជាពលរដ្ឋ ក៏ដូចជាដូនចាស់ៗ បានបង្ហាញអារម្មណ៍ និងក្តីរំភើបរីករាយក្រៃលែង នៅពេលទទួលបានដំណោះស្រាយសមស្រប និងស្បៀងអាហារ ពីឯកឧត្តមអភិបាលខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង