រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យលទ្ធផលទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់អនុគណៈកម្មការ ចុះឃុំថ្មដា

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្រុកវាលវែង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៥ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំថ្មដា ដែលមានលោក ខូយ រីដា ជាអភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការ។

កិច្ចប្រជុំនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម ក្នុងការបំពេញភារកិច្ចរបស់អនុគណៈកម្មការ និងណែនាំដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមការកំណត់នៃច្បាប់ ដោយមិនត្រូវយកអំណាច ឬតួនាទី ទៅបំពានយកដីរដ្ឋនោះឡើយ ហើយប្រសិនបើមាន ត្រូវប្រគល់ដីនោះជូនរដ្ឋវិញ ជៀសវាងអស់តួនាទី ឬឈានដល់ការអនុវត្តច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានបន្តចុះពិនិត្យជាក់ស្តែងនូវទីតាំងដី ដែលបានកាប់រុករាន នៅចំណុចខ្នងភ្នំ១៦ និងបានឱ្យរក្សាទុក នូវទីតាំងដែលអនុគណៈកម្មការ បានឃ្លំទុកកន្លងមក ព្រមទាំងបានចុះសួរសុខទុក្ខគ្រួសារកងកម្លាំង ទាំង២៨គ្រួសារ ដែលបានអាស្រ័យផល នៅទីតាំងដីនោះ ដោយរក្សាស្ថានភាពដើម និងមិនឱ្យកាប់រុករានបន្ត។

សូមបញ្ជាក់ថា យោងតាមប្រការ៣ នៃសេចក្តីសម្រេច របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ០៦១/២០ សសរក/ខពស ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង អនុគណៈកម្មការនានាមានតួនាទីភារកិច្ច៖

* ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រឃុំទាំង៥
* ស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់ ជូនតុលាការ
* កំណត់ច្បាស់លាស់ទីតាំងដីព្រៃ ដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំទាំង៥ (ឃុំប្រម៉ោយ, ឃុំក្រពើពីរ, ឃុំអន្លង់រាប, ឃុំថ្មដា និងឃុំអូរសោម)
* អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យយល់ដឹងពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ នៃការថែរក្សាធនធានធម្មជាតិ
* ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តការងារជូនគណៈកម្មការថ្នាក់ខេត្ត៕

TI Amo (ពស)

អត្ថបទទាក់ទង